ស្មានមិនដល់ Miss Universe 2012 ហ៊ានយកមកុដទៅបញ្ចាំ យកលុយដោះបំណុល ក្រោយផុងខ្លួនហ៊ឺហាជ្រុលពេក
បើងាកត្រឡប់ទៅឆ្នាំ ២០១២ មហាជនអ្នកគាំទ្រវិស័យបវរកញ្ញា មានក្ដីរំភើប និង សម្ដែងការអបអរជំនួសនាង Olivia Culpo បេក្ខភាពសហរដ្ឋអាមេរិក ដែលរូបនាងមានទាំងរូបសម្រស់ និង ទេពកោសល្យដ៏អស្ចារ្យ អាចប្រកួតឈ្នះបេក្ខភាពរូបស្រស់ ៨៩ នាក់ផ្សេងទៀត ដណ្ដើមបានមកុដ Miss Universe ប្រចាំឆ្នាំ ២០១២។
ខ្សែជីវិតរបស់ Olivia Culpo ក្រោយគ្រងមកុដ គឺពោរពេញដោយភាពល្បីល្បាញ និង រីករាយបំផុត ប៉ុន្តែបញ្ហាគឺបានកើតមានឡើង នៅពេលតំណែងរបស់នាងត្រូវបានបញ្ចប់។ Olivia គឺត្រូវស្វែងរកការងារធ្វើភ្លាមៗ បន្ទាប់ពីនាងបណ្ដោយខ្លួនឱ្យគ្មានអ្វីសោះ។
ក្រោយបញ្ចប់ឆ្នាំជាតំណែងបវរកញ្ញាចក្រវាល នាង Olivia ហាក់បង្ហាញភាពហ៊ឺហាសប្បាយចាយវាយជីវិតជាតារាម្នាក់។ នាងតែងតែដឹកដៃមិត្តប្រុស Nick Jonas (បច្ចុប្បន្នជាស្វាមីរបស់តារាស្រី Priyanka Chopra) ដើរលេងកម្សាន្តយ៉ាងអភិជន ទិញសម្លៀកបំពាក់ គ្រឿងអលង្ការថ្លៃៗយ៉ាងហាយសូរបំផុត។
ទោះជាយ៉ាងណា ភាពសប្បាយហ៊ឺហាទាំងនោះ ក៏បានរលាយទៅវិញត្រឹមមួយប៉ប្រិចភ្នែក ដោយសារតែតារាស្រីរូបស្រស់នេះ មិនចេះគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯង។ នាងបានធ្លាក់ខ្លួនខ្លាំង រហូតដាច់ចិត្តទៅសុំខ្ចីលុយមិត្តប្រុសរបស់នាងទៀត ប៉ុន្តែបែរជាត្រូវមិត្តប្រុសមិនឱ្យខ្ចីសូម្បីមួយកាក់មួយសេន។
Olivia ផុងខ្លួនក្នុងបំណុលកាន់តែខ្លាំង រហូតនាងត្រូវបង្ខំចិត្តដាក់បញ្ចាំមកុដខ្លួនឯងក្នុងតម្លៃ ១២០ លានដុល្លារ។ រឿងអាស្រូវបំណុលវ័ណ្ឌ-ករបស់ Miss Universe 2012 រូបនេះ គឺត្រូវបានបែកធ្លាយដោយម្ចាស់បំណុលដែលតាមទារប្រាក់ ក៏ដូចជាជនអនាមិកដែលជាម្ចាស់ហាងបញ្ចាំដែលតារាស្រីរូបនេះយកមកុដទៅបញ្ចាំនោះឯង។
ជីវិតរបស់ Olivia មិនត្រឹមតែដុនដាបខាងហិរញ្ញវត្ថុប៉ុណ្ណោះទេ ងាកមកទំនាក់ទំនងស្នេហាវិញ នាងក៏ជួបឧបសគ្គដូចគ្នា ដោយក្រោយពីទាក់ទងគ្នាបានត្រឹម ២ ឆ្នាំ ចំណងស្នេហ៍រវាងនាង និង Nick Jonas ក៏ត្រូវបញ្ចប់ដើរលើផ្លូវរៀងខ្លួន ហើយពេលនេះដែរ Nick Jonas ក៏ស្វែងរកបានគូគាប់ថ្មីជាតារាស្រីដ៏ល្បី Priyanka Chopra រហូតចាប់ដៃគ្នារៀបការជាប្ដីប្រពន្ធ។
បច្ចុប្បន្ន Olivia បានប្រែក្លាយខ្លួនជា Influencer ផ្នែក Fashion ហើយក៏ជា Presenter ដ៏ល្បីឈ្មោះម្នាក់។ ដំណើរជីវិតរបស់ Olivia បានជំរុញលើកទឹកចិត្តដល់មហាជនគ្រប់គ្នាថា បើទោះបីជាជីវិតយើងធ្លាក់ដល់ចំណុចណាក៏ដោយ យើងត្រូវតែរឹងមាំងើបឈរឡើងវិញដោយខ្លួនឯង ទោះជាគ្មាននរណាគាំទ្រលើកទឹកចិត្តយើងក៏ដោយ៕
ប្រភព៖ Pageantology