បាត់មុខពីសិល្បៈរាប់ឆ្នាំ តាមពិតអតីតតារាខ្មែរ ៤ រូបនេះ មកសំងំបំពេញតួនាទីជាមន្ត្រីរាជការ
មានអតីតតារាប្រុសស្រីខ្មែរជាច្រើនរូប ទាំងផ្នែកសម្តែង និង ចម្រៀងបានបាត់មុខពីវិថីសិល្បៈលះបង់អាជីពនៅមុខកាមេរ៉ានោះ។ យ៉ាងណាមិញ ក្រោយលះបង់អាជីពចាស់ អតីតតារាប្រុសស្រីទាំងនោះ ត្រូវបានគេដឹងថាម្នាក់បានទៅចាប់អាជីពផ្សេង ដូចជា ខ្លះបានទៅធ្វើជំនួញ ខ្លះក៏បម្រើការងារក្នុងវិស័យឯកជន និង ខ្លះទៀតបានចូលបម្រើក្នុងក្របខណ្ឌមន្ត្រីរាជការ។ ថ្ងៃនេះយើងសូមលើកយកអតីតតារាខ្មែរមួយចំនួន ដែលបានចាកចេញពីអាជីពចាស់ជាអ្នកសិល្បៈ ប្តូរខ្លួនទៅចាប់អាជីពជាមន្ត្រីរាជការ ដែលពេលនេះកំពុងមប្រើក្នុងស្ថាប័នរដ្ឋទាំងនេះ។
១. អតីតតារាសម្តែង សម ដារ៉ា
លោក សម តារា ធ្លាប់ជាតួកុនខ្មែរល្បីណាស់កាលពីជំនាន់ឆ្នាំ ៨០-៩០ ដែលមានរូបរាងសង្ហា មុខស្រទន់មានមន្តស្នេហ៍ ប៉ុន្តែក្រោយលាឈប់ពីការសម្តែង អតីតតារាប្រុសរូបនេះត្រូវបានគេដឹងថាមានតួនាទីជាឯកឧត្តមនាយឧត្តមសេនីយ៍ (ផ្កាយ ៤) ដែលត្រូវបានព្រះមហាក្សត្រខ្មែរ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២០ កន្លងទៅនេះ។
២. អតីតតារាសម្តែង ហម សុធានិត
លោក ហម សុធានិត គឺជាតារាសម្ដែងប្រុសខ្មែរដ៏ល្បីឈ្មោះមួយរូបកាលពីទសវត្សរ៍ឆ្នាំ ៩០-២០០០។ បច្ចុប្បន្ននេះអតីតតារាសម្ដែងរូបនេះ បានឈប់ពីការសម្តែងយូរឆ្នាំមកហើយ ដោយបានងាកមកបំពេញតួនាទីក្នុងជួរមន្រ្តីរាជការ នៃក្រសួងមហាផ្ទៃ ហើយពេលនេះដែរលោកមានឋានៈជាឧត្ដមសេនីយ៍ផ្កាយ ២។
៣. អតីតតារាសម្តែង ទេព វាសនា
លោក ទេព វាសនា ក៏ជាអតីតតារាសម្តែងមួយរូបមានឈ្មោះល្បីល្បាញម្នាក់ដែរកាលពីជំនាន់ឆ្នាំ ៩០-២០០០ បច្ចុប្បន្នលោកបានលាឈប់ពីសិល្បៈដាច់ស្រឡះហើយ និង មានអាជីពជាមន្រ្តីរាជការមួយរូប។ ពេលនេះដែរ លោក ទេព វាសនា មានឋានៈជាឯកឧត្ដម និង មានតួនាទីដ៏សំខាន់ផងដែរ នៅក្នុងជួររាជរដ្ឋាភិបាល។
៤. អតីតតារាចម្រៀង ចាន់ ចរិយា
អ្នកស្រី ចាន់ ចរិយា គឺជាតារាចម្រៀងមនោសញ្ចេតនា និង ធ្លាប់ជាតារាឯកស្រីក្នុងពិភពបទចម្រៀងកាយវិការខារ៉ាអូខេដ៏ល្បីឈ្មោះមួយរូប ប៉ុន្តែពេលនេះអ្នកនាងបានដាក់ចោលការងារសិល្បៈចុះស្ទើរទាំងស្រុង ដោយងាកមកចាប់អាជីពជាមន្រ្តីរាជការវិញ ដែលពេលនេះអ្នកនាងគឺជាមន្រ្តីមានតួនាទីជាអ្នកជំនួយការ នៅស្នងការឃោសនាព័ត៌មាន ពាក់ស័ក្តិ ៤ ព្រមទាំងជាអ្នកនិពន្ធបទចម្រៀង និង ជាអ្នកអប់រំចិត្តសាស្ត្រ នៅក្នុងបញ្ជាការដ្ឋានអង្គរក្សថែមទៀត៕