មិននឹកស្មានសោះ! Kao បង្ហើបទាំងរំជួលចិត្តថាចង់លាឈប់ពីសិល្បៈ ព្រោះមូលហេតុនេះ
នឹកដល់ឈ្មោះតារាស្រី Kao Supassra មហាជនជាច្រើនមុខជាបានស្គាល់ ព្រោះនាងជាតារាសម្តែងស្រីមួយរូបដែលកំពុងតែឡើងកូដនៅក្នុងពិភពសិល្បៈថៃ។ បន្ទាប់ពីប្រឡូកចូលសិល្បៈជាច្រើនឆ្នាំមក ឃើញថាសន្ទុះនៃការគាំទ្ររបស់នាង នៅតែខ្លាំងមិនថយឡើយ។
បើងាកមកមើលពីជីវិតឯកជនរបស់តារាស្រីរាងតូចច្រឡឹងរូបនេះវិញ បើទោះបីជាពេលនេះកំពុងតសម្ងំព្យាបាលដំបៅបេះដូងក៏ដោយ តែនាងនៅតែមានស្នាមញញឹមជានិច្ចសម្រាប់អ្នកគាំទ្រ។
យ៉ាងណាមិញ បើទោះបីតារាស្រីរូបនេះពង្រាយស្នាមញញឹមដ៏ស្រស់ និង រឹងមាំនៅចំពោះមុខមហាជនប៉ុណ្ណា តែមិននឹកស្មានថា នាងមានរឿងរ៉ាវអាថ៌កំបាំងលាក់ក្នុងចិត្តមួយចំនួនដែលគ្មានអ្នកដឹង។ ដោយឡែក នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ តារាស្រីរូបនេះ ស្រាប់តែទម្លាយរឿងរ៉ាវទន់ជ្រាយរបស់នាងមួយ ប្រាប់ដល់មហាជនអ្នកគាំទ្រទាំងរំជួលចិត្តនៅក្នុងកម្មវិធី «3Zeep» ថា មហាជនស្ទើរតែលែងអាចបានឃើញវត្តមាននាងនៅក្នុងការងារសិល្បៈទៅហើយ ពោលគឺនាងចង់លាឈប់ពីសិល្បៈតែម្តង។
មូលហេតុដែលនាងចង់លាឈប់ពីសិល្បៈព្រោះ ដោយសារតែមួយរយៈដែលមានបញ្ហាជំងឺកូវីដរាតត្បាតខ្លាំង វាជាពេលដែលនាងសម្ងំតែនៅក្នុងផ្ទះ ស្ទើរតែមិនអាចចេញទៅខាងក្រៅឡើយ រហូតពេលនោះធ្វើឱ្យនាងងាកទៅធ្វើជំនួញខ្លះៗ ដែលនាងមិនចាំបាច់ចេញទៅខាងក្រៅ តែងខ្លួនលាបម្សៅ ចេញមុខតាមកញ្ចក់ទូរទស្សន៍នោះទេ ហើយគ្រានោះហើយ ដែលជាពេលវេលានដែលនាំឱ្យនាងមានអារម្មណ៍ថា នាងមានក្តីសុខ និង ស្រស់ស្រាយក្នុងចិត្តណាស់។
ក្នុងនោះ តារាស្រីរូបនេះក៏បានបន្តទៀតថា បន្ទាប់ពីការរីករាតត្បាតនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ដបន្ដិចទៅ វាគឺជាពេលវេលាដែលនាងត្រូវត្រឡប់ចូលការងារសិល្បៈវិញ តែវាក៏ជាដំណឹងមួយដែលធ្វើឱ្យនាងមានអារម្មណ៍ថាចង់យំ ហើយបែរជាមានគំនិតមិនចង់បន្តការងារនេះឡើយ ព្រោះខានយូរពេក និង បែរទៅជាហាក់ដូចជាការងារថ្មីៗ លើកដំបូងរបស់នាង។ ពេលនោះ នាងមានអារម្មណ៍ថា ស្ទើរតែសម្របខ្លួនមិនទាន់ ហើយនាងនិយាយសួរខ្លួនឯងរហូតថា៖ «ខ្ញុំត្រូវចូលការងារមួយនេះទៀតហើយមែនទេ?»។ តែទោះជាយ៉ាងណា នៅទីបំផុត ដោយសារតែទទួលបានកម្លាំងចិត្តពីអ្នកគាំទ្រទាំងអស់គ្នា ទើបធ្វើឱ្យនាងសម្រេចចិត្តឈរជើងបន្តលើវិស័យសិល្បៈបន្តទៀត ហើយព្រមទាំងមានឱកាស និយាយប្រាប់មនុស្សគ្រប់គ្នាឱ្យបានដឹងនាពេលនេះ៕