ផ្អើលពិភពបវរកញ្ញាថៃ! First Wang ធ្លាក់ជុំ ៣០ នាក់ មានសិទ្ធិចូលប្រកួតវិញ ព្រោះហេតុផលស្មានមិនដល់នេះ
កាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រកួតសម្រស់ធំជាងគេ Miss Universe Thailand 2022 បានឈានចូលដល់វគ្គជម្រុះយកបេក្ខភាពផ្លូវការ ៣០ នាក់ចុងក្រោយហើយ ដោយវិញ្ញាសារនៃជុំជម្រុះគឺ Keywords (Audition)។
ក្នុងនោះមហាជនហាក់រំពឹងខ្ពស់លើបេក្ខនារី First Pacharaphorn Wang ខ្លាំង ព្រោះតែនាងមានបទពិសោធលើវិថីប្រកួតជាច្រើនឆ្នាំ ជាពិសេសនាងធ្លាប់ជាបេក្ខភាព Top 5 ក្នុងការប្រកួត Miss Universe Thailand ឆ្នាំ ២០១៩ និង ជាម្ចាស់ជ័យលាភី Miss Intercontinental 2014 ផងដែរ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និង សោកស្តាយនោះគឺ First Wang មិនបានបន្តដំណើរចូល Top 30 នោះទេ ដោយនាងត្រូវជម្រុះត្រឹមជុំ Keywords នេះ ព្រោះតែការឆ្លើយសំណួរហាក់នៅមានកម្រិតនៅឡើយ។
យ៉ាងណាមិញ ពេលនេះអ្វីៗបានប្រួលប្រែហើយ ដោយនាង First Wang បានមានសិទ្ធិចូលប្រកួតក្នុងជុំ ៣០ នាក់ក្រោយវិញ បន្ទាប់ពីមានបេក្ខភាពម្នាក់ឈ្មោះ Jubjang Kanokwan Choosuk ជាបេក្ខភាព MUT 06 មានអាជីពជាគ្រូបង្រៀនបានប្រកាសចាកចេញពីការប្រកួតវិញ នៅថ្ងៃទី ៤ កន្លងទៅនេះ បន្ទាប់ពីប្រកាសបេក្ខភាព ៣០ នាក់ចុងក្រោយបានមួយថ្ងៃ ព្រោះតែកតាព្វកិច្ច។
ដោយសារតែបែបនេះហើយ ទើបនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ ដដែល អ្នកគ្រប់គ្រងកម្មវិធីក៏បានប្រកាសទទួលនាង First Wang ឱ្យចូលជំនួសបង្រប់ ៣០ នាក់ចុងក្រោយដោយអត្តនោម័តិ។ ការប្រកាសទទួលនេះដែរ បានធ្វើបណ្តាអ្នកគាំទ្របវរកញ្ញានីប្រទេសថៃរំជើបរំជួលយ៉ាងខ្លាំង និង បានលើកឡើងថា តើនាង First Wang អាចនឹងចាប់ឱកាសនេះផ្លាស់ប្តូរវាសនាខ្លួនបានឬអត់?