ផេក ខេក ហាក់ធូរចិត្តបន្តិច ក្រោយបានដោះស្រាយបំណុលបាន ១ កម្រិត
មហាជនសុទ្ធសឹងតែជ្រាបហើយពីរឿងរ៉ាវជីវិតឯកជនរបស់ ពិធីការិនី ផេន ខេក ដែលមួយរយៈមុនលើបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងទាក់ទិននឹងរឿងរ៉ាវអាស្រូវ ដែលនាងជាប់ជំពាក់បំណុលគេជាច្រើនម្ចាស់ សរុបរាប់សិបម៉ឺនដុល្លារ រហូតមានការគម្រាមពីម្ចាស់បំណុលចំពោះផ្លូវច្បាប់ទៀតផង ដែលបានធ្វើឱ្យជីវិតពិធីការិនីរូបនេះ ស្ទើរតែធ្លាក់ដល់ចំណុចសូន្យ។
យ៉ាងណាមិញ ក្រោយពីធ្លាយរឿងជាប់ផុងនឹងបំណុល និងទទួលបានឱកាសពីម្ចាស់បំណុលទាំងនោះ មួយរយៈក្រោយមក ផេន ខេក ក៏បានចាប់ផ្ដើមរើបម្រាស់ដើម្បីឱ្យជីវិតមានភាពប្រសើរឡើងវិញ ដោយការខិតខំតស៊ូធ្វើការរកលុយដើម្បីដោះបំណុលគេ ដោយគេឃើញថានាងស៊ូទាំងកម្លាំងកាយចិត្តទទួលធ្វើការងារជាបន្តបន្ទាប់។
ដោយឡែក ថ្មីៗនេះ ជាមួយនឹងការខិតខំប្រឹងប្រែងទាំងនេះ ឃើញថាជីវិតរបស់ ផេន ខេក ហាក់ចាប់ផ្ដើមមានពន្លឺវិញហើយ ខណៈបានឃើញបណ្ដាញសង្គមរបស់នាង បានបង្ហោះឱ្យដឹងថា ពេលនេះ នាងបានដោះស្រាយបំណុលបាន ១ កម្រិត ពោលគឺនាងបានសងម្ចាស់បំណុលបាន ១ នាក់ហើយ ប៉ុន្តែនៅមានម្ចាស់បំណុលជាច្រើននាក់ទៀត ដែលនាងកំពុងប្រឹងធ្វើការរកលុយដើម្បីសងជាបន្តបន្ទាប់ផងដែរ។
ក្នុងនោះ ផេន ខេក បានរៀបរាប់ថា ៖ «រួចរាល់ជាមួយនឹងម្ចាស់បំណុលទី ១ អរគុណដែលគាត់យល់ស្របនឹងយោគយល់តាមសំណើរបស់នាងខ្ញុំ ដែលនាងខ្ញុំសុំរំលោះលុយប្រចាំខែបន្តិចបន្តួចទៅតាមសមត្ថភាពដែលនាងខ្ញុំរកបាន នៅសល់ម្ចាស់បំណុលជាច្រើនទៀត សង្ឃឹមថាពួកគាត់នឹងយោគយល់ អាណិតស្រឡាញ់នាងខ្ញុំ និងទុកឱកាសឱ្យនាងខ្ញុំដើម្បីធ្វើការរកលុយទុកសងបំណុលពួកគាត់ឱ្យអស់ផង នាងខ្ញុំមិនរត់គេចវេសទៅណាទេ នាងខ្ញុំនឹងដោះស្រាយឱ្យបានគ្រប់ម្ចាស់បំណុលទាំងអស់។ អរគុណសម្រាប់ការយោគយល់កន្លងមក»៕