ភ្ញាក់ផ្អើល! បាន មុន្នីល័ក្ខ កំពុងពិបាកចិត្តម្ដាយឈឺ ស្រាប់តែ ម៉ៅ ហាជី ចូលជូនពរនឹងពាក្យបែបនេះ
មួយរយៈមកហើយដែលម្ដាយតារាចម្រៀង បាន មុន្នីល័ក្ខ សម្រាកព្យាបាលនៅមន្ទីរពេទ្យដោយសារជំងឺខ្វះគ្រាប់ឈាមក្រហម ដែលធ្វើឱ្យតារាស្រីរូបនេះព្រួយបារម្ភជាខ្លាំង ព្រោះថាមកដល់ពេលនេះ គ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យម្ដាយនាងចេញពីមន្ទីរពេទ្យនៅឡើយ តែយ៉ាងណាអាការបានល្អប្រសើរជាងមុនច្រើនហើយ។
ប៉ុន្មានថ្ងៃដែលម្ដាយចូលបន្ទប់សង្គ្រោះបន្ទាន់នេះ បាន មុន្នីល័ក្ខ បានបំពេញតួនាទីជាកូនស្រីដ៏កតញ្ញូគួរឱ្យសរសើរ ដោយនាងត្រូវរ៉ាប់រងមើលថែម្ដាយឈឺផង ហើយក៏ត្រូវចេញច្រៀងដើម្បីផ្គត់ផ្គង់ជីវភាពទៀត។ ឃើញ មុន្នីល័ក្ខ ព្យាយាមមើលថែម្ដាយផង រកលុយផង ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនកោតសរសើរពីទឹកចិត្តរបស់នាង ហើយក្នុងនោះក៏មានមិត្តភក្ដិជិតដិតក្នុងសិល្បៈជូនពរម្ដាយនាងឱ្យឆាប់ជាសះស្បើយផងដែរ។
ដោយឡែក រឿងដែលមហាជនចាប់អារម្មណ៍ ក្នុងនោះតារាចម្រៀង ម៉ៅ ហាជី ក៏បានជូនពរឱ្យម្ដាយ បាន មុន្នីល័ក្ខ ឆាប់ជាសះស្បើយផងដែរ តែលោកបានប្រើពាក្យសម្ដីយ៉ាងជិតស្និទ្ធខ្លាំងប្រៀបដូចជាអ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នាអ៊ីចឹង។ ម៉ៅ ហាជី បានសរសេរថា ៖ «សូមឱ្យម៉ាក់ក្មេកឆាប់ជា» ពាក្យមួយឃ្លានេះធ្វើឱ្យអ្នកគាំទ្រចាប់ភ្លឹកជាខ្លាំង ព្រោះថាកន្លងមកមហាជនក៏ធ្លាប់សង្ស័យថារវាងអ្នកទាំងពីរមានទំនាក់ទំនងពិសេសលើសពីមិត្តដែរ ព្រោះឃើញគូនេះស្និទ្ធស្នាលគ្នាខ្លាំងណាស់ ម្យ៉ាងក៏សមគ្នាណាស់ដែរ៕