បេនី យ៉ាំង ទម្លាយសារហាក់បីពាក់ព័ន្ធនឹងបញ្ហាមួយ ខណៈសល់មិនប៉ុន្មានថ្ងៃទៀតសម្រាលកូន
គិតមកដល់ពេលនេះតារាសម្ដែង បេនី យ៉ាំង ជិតបានឃើញមុខតំណក់ឈាមដំបូងរបស់នាងហើយ ដោយបច្ចុប្បន្នតារាស្រីរូបនេះបានពពោះកូនក្នុងផ្ទៃបានប្រមាណជាង ៣៤ សប្ដាហ៍ហើយ ចំណែកឯទំហំពោះក៏កាន់តែខ្ទាតធំឡើងឃើញទម្រង់ច្បាស់ៗតែម្ដង។
ខណៈទំហំផ្ទៃពោះកាន់តែខ្ទាតធំឡើងជិតគ្រប់ខែសម្រាល ឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ ស្រីស្អាត បេនី យ៉ាំង តែងធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាមួយនឹងការតុបតែងខ្លួនស្រស់ស្អាតទាក់ទាញឡើងស្ទើរតែរាល់ថ្ងៃ ដែលតារាសម្ដែងស្រីរូបនេះបង្ហាញការស្លៀកឈុតរ៉ូបខើចខ្លីយ៉ាងសិចស៊ី បង្អួតទំហំក្បាលពោះមូលក្បំ ថែមទាំងពាក់ស្បែកជើងកែវចោទ មើលទៅសិចស៊ី ហាយសូរទាន់សម័យណាស់។
ដោយឡែក ថ្មីៗនេះ កាន់តែកៀកថ្ងៃសម្រាលនៅសល់តែប៉ុន្មានសប្ដាហ៍ទៀតគ្រប់ខែថ្ងៃនោះ តារាស្រីរូបនេះហាក់ធ្វើឱ្យមហាជនមានការចម្លែកចិត្តកើតឡើង ខណៈនៅសុខៗនាងបានបង្ហោះសារប្លែកមួយឡើងរៀបរាប់ផ្ញើទៅកាន់មនុស្សម្នាក់ ដែលតាមសារនោះ មហាជនគិតថានាងហាក់ដូចមានបញ្ហាជុំវិញរឿងជីវិតស្នេហារបស់នាង ដែលនាងបង្ហាញពីដែនកំណត់នៃភាពអត់ធ្មត់ជុំវិញរឿងនេះទៅកាន់មនុស្សទីស្រឡាញ់របស់នាង។
សារនោះ បេនី យ៉ាំង ពុំបានបញ្ជាក់ត្រង់ៗថានិយាយចំពោះនរណាម្នាក់ឡើយ ដោយគ្រាន់តែសរសេររៀបរាប់ថា ៖ «មនុស្សម្នាក់ៗមានដែនកំណត់របស់គេ ពេលណាមួយដែលគេទទួលយកទង្វើរបស់អ្នកលែងបាន គេមិនខ្វល់ថាអ្នកជាអ្នកណា គេធ្លាប់ស្រឡាញ់អ្នកខ្លាំងប៉ុនណា ឬ អ្នកធ្លាប់មានចំណុចល្អអ្វីខ្លះទេ គេនឹងកាត់ចោលដោយមិនស្ដាយស្រណោះសូម្បីតែបន្តិច។ «ត្រូវចាំណា» កុំឱ្យអ្វីៗហួសពេលអស់ ទើបស្ដាយក្រោយ បើមានមនុស្សស្មោះត្រង់ម្នាក់នៅក្បែរអ្នកហើយ គួរតែតបស្នងគេវិញនូវទង្វើល្អៗ កុំកុហក និង កុំលួចក្បត់ពីក្រោយខ្នងគេអី ព្រោះឱកាសមិនមែនចេះតែមានសម្រាប់អ្នករហូតនោះទេ»៕