ចំណាយពេលសឹងមួយជីវិតលើវិថីសិល្បៈ ជា សំនៀង តូចចិត្តខ្លួនចាស់គ្មានឱកាសថតកុនដូចមុន
ប្រិយមិត្តដែលចូលចិត្តតាមដានទស្សនាខ្សែភាពយន្តខ្មែរ ប្រាកដជាធ្លាប់ស្គាល់តារាសម្ដែងជើងចាស់ លោក ជា សំនៀង មិនខាន ព្រោះថាកន្លងមកបានបង្ហាញមុខធ្វើជាតួអង្គក្នុងខ្សែភាពយន្តខ្មែរជាច្រើន ជាពិសេសគឺខ្សែភាពយន្តបែបបុរាណ ដែលសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន។
ដោយឡែក ស្រាប់តែថ្មីៗនេះ តារាភាពយន្តជើងចាស់ខាងលើ បានបង្ហោះសារតូចចិត្តតូចថ្លើមនៅលើគណនីហ្វេសប៊ុក ត្អូញត្អែរពីជីវិតសិល្បករពេលវ័យកាន់តែចាស់គ្មានអ្នកហៅថត ធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមមួយនេះ ចែករំលែកតៗគ្នាប្រកបដោយការរំជួលចិត្តមិនស្ទើរឡើយ។
លោក ជា សំនៀង បានរៀបរាប់យ៉ាងក្ដុកក្ដួលបំផុតថា ៖ «ឱ! ជីវិតសិល្បករវ័យចំណាស់អើយ! ទោះបីយើងខំប្រាប់គេថាយើងនៅមានកម្លាំងអាចសម្តែងបានក៏គេនៅតែគិតថា… គាត់ចាស់ហើយ… ភ្លេចភ្លាំងច្រើនពិបាកធ្វើការជាមួយណាស់! យកក្មេងៗធ្វើការលឿនចំណេញពេលវេលា ចំណេញថវិកា!។ អ៊ីចឹងសិល្បករចាស់ៗមានតែងើយមើលមេឃហើយសម្រក់ទឹកភ្នែកនឹកស្តាយពេលវេលាស្ទើរពេញមួយជីវិតដែលខំចំណាយលើវិថីសិល្បៈ ឯលទ្ធផលដែលទទួលបានមកវិញគឺ… សេចក្តីអត់ឃ្លានយ៉ាងវេទនាបំផុត!»។
សារត្អូញត្អែរចេញពីក្រអៅបេះដូងរបស់សិល្បករជើងចាស់ខាងលើ បានធ្វើឱ្យអ្នកលេងហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រវិស័យភាពយន្តខ្មែរ ឃើញហើយអាណិតអាសូរដល់សិល្បករ សិល្បការិនីដែលមានវ័យចំណាស់ធ្លាក់ខ្លួនឈឺ គ្មានកូនចៅ គ្មានទីពឹង រស់នៅក្នុងជីវភាពលំបាកវេទនា ហើយខ្លួនក៏ចាស់មិនអាចរកចំណូលបានថែមទៀត៕