សើចសប្បាយនឹងមុខកាមេរ៉ា តែ Ji Chang Wook ឱបជាប់ប្រវត្តិជូរចត់មួយកាលពីក្មេង
ប្រិយមិត្តប្រាកដជាដឹងហើយ Ji Chang Wook គឺជាតារាសម្ដែងប្រុសរូបសង្ហាមួយរូបប្រចាំវិស័យ K-drama។ បើមើលត្រឹមមុខមាត់សង្ហារបស់តារាប្រុសរូបនេះ មានអ្នកគាំទ្រមិនតិចនោះទេគិតថា លោកដូចជាបុរសអភិជននៅក្នុងជីវិតពិត ប៉ុន្តែថ្មីៗនេះ Ji Chang Wook បានបើកចិត្តទម្លាយអំពីកុមារភាពដ៏សោកសៅ និង លំបាករបស់លោកតាមរយៈបទសម្ភាសជាមួយ TenAsia។
ក្នុងនោះ តារាប្រុសរូបនេះបាននិយាយដោយបើកចំហថា ៖ «ឪពុករបស់ខ្ញុំបានលាចាកលោកតាំងពីខ្ញុំនៅពីក្មេង ខ្ញុំធំដឹងក្តីឡើងឃើញតែមុខម្ដាយ។ បើនិយាយអំពីអារម្មណ៍បាត់បង់គឺធំធេងណាស់ ព្រោះការពិតមិនស្រួលដូចគិតទេ ពេលខ្លះគិតដល់រឿងលុយកាក់ ខ្ញុំសាកគិតត្រឡប់ទៅវិញកាលពីក្មេង ខ្ញុំមានតែភាពសោកសៅ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ការស្រឡាញ់របស់ម្ដាយខ្ញុំ បានជួយខ្ញុំឱ្យឆ្លងកាត់ពេលវេលាដ៏លំបាកនេះ»។
ជាមួយគ្នានោះ លោកបានបន្ថែមទៀតថា ៖ «កាលនៅក្មេងខ្ញុំធ្លាប់ពឹងលើម្ដាយ ហើយឥឡូវខ្ញុំត្រូវពឹងខ្លួនឯង ហើយត្រូវទទួលខុសត្រូវលើអ្នកមានគុណ ពេលនេះខ្ញុំធំដឹងក្តីហើយ»។
ថ្វីដ្បិតថាបច្ចុប្បន្ន Ji Chang Wook មានអាយុ ៣៥ ឆ្នាំហើយ និង ជាតារាល្បីមួយរូបក៏ដោយ ប៉ុន្តែតារាប្រុសរូបនេះ នៅតែរស់នៅជាមួយនឹងម្ដាយលោកដដែល។ យ៉ាងណាមិញ ដោយសារតែរវល់ក្នុងការងារសិល្បៈ លោកកម្រនឹងជួបម្ដាយលោកណាស់ ទោះបីនៅផ្ទះជាមួយគ្នាក៏ដោយ ប៉ុន្តែនៅលើបណ្តាញសង្គមតែងឃើញលោកបង្ហោះរូបថតជាមួយម្ដាយជារឿយៗ៕