
ចាំតួ អេនជីឡូ ទេ? មកដឹងជីវិតក្រៅឆាករបស់តួប្រុស រឿងហ្វីលីពីនល្បីខ្លាំង កាលពី ១៩ ឆ្នាំមុន
ជឿថាប្រិយមិត្តកម្ពុជា ដែលនិយមទស្សនារឿងភាគហ្វីលីពីនកាលពីជាង ១០ ឆ្នាំមុន ភាគច្រើនប្រាកដជាធ្លាប់បានទស្សនាហើយនៅខ្សែភាពយន្តភាគហ្វីលីពីនដែលល្បីខ្លាំង នាអំឡុងឆ្នាំ ២០០៣ រឿង «សន្យាស្នេហ៍» ដែលចូលរួមសម្ដែងដោយតារាសម្ដែងល្បីៗដូចជា តារាសម្ដែង Jericho Rosales និង តារាស្រី Kristine Hermosa ជាតួឯក។
យ៉ាងណាមិញ កន្លងផុតទៅ ១៩ ឆ្នាំហើយ តួអង្គនីមួយៗក៏ប្រែប្រួលជីវិត និង ជីវភាពរបស់ពួកគេមិនធម្មតានោះដែរ។ ថ្ងៃនេះ «ប្រជាប្រិយ» នឹងធ្វើការទម្លាយពីស្ថានភាពបច្ចុប្បន្នរបស់តួឯកប្រុស ប្រចាំខ្សែភាពយន្តដ៏ល្បីមួយនេះ។
តារាសម្ដែង Jericho Rosales ដែលដើរតួជា Christian ប្រចាំរឿង «សន្យាស្នេហ៍» គឺជាតារាប្រុសមានរូបរាងសង្ហាទាក់ទាញមួយ ដែលទទួលបានការកោតសរសើរខ្លាំងចំពោះទេពកោសល្យសម្ដែងរបស់លោកកាលពីជំនាន់នោះ។ បច្ចុប្បន្ន តារាប្រុសរូបនេះ មានវ័យ ៤២ ឆ្នាំហើយ និងបានរៀបការ មានកូនប្រុសកំលោះម្នាក់ផងដែរ។
លោក Jericho បានរៀបការនឹងអ្នកឌីហ្សាញឈ្មោះ Kim Jones កាលពីឆ្នាំ ២០១៤ និង ទទួលបានកូនប្រុសម្នាក់ (Santino Rosales) ជាចំណងដៃ ដែលបច្ចុប្បន្នមានវ័យ ២១ ឆ្នាំហើយ។ បើងាកមើលពីអាជីពរបស់លោក Jericho Rosales គឺនៅឃើញបន្តសម្ដែងដដែល ដោយរឿងភាគចុងក្រោយរបស់លោកមានចំណងជើងថា «Halik» ចេញផ្សាយក្នុងឆ្នាំ ២០១៩។ ទោះជាយ៉ាង រយៈពេល ២ ឆ្នាំក្រោយមកនេះ លោកគឺមិនទាន់បានឃើញមានលេចវត្តមានក្នុងរឿងថ្មីនៅឡើយនោះទេ ខណៈពេលបច្ចុប្បន្នលោក និង ភរិយា បានផ្លាស់ទៅនៅក្រុង ញ៉ូយ៉ក សហរដ្ឋអាមេរិក៕