(វីដេអូ) គួរឱ្យសរសើរ! ទោះធ្លាក់ខ្លួនឈឺធ្ងន់ លោកតា ព្រហ្មម៉ាញ នៅតែមានចិត្តចង់បន្តធ្វើរឿងមួយសម្រាប់ក្មេងៗជំនាន់ក្រោយ
មកដល់ពេលនេះចំនួន ៤ ថ្ងៃហើយ ដែលសិល្បករអាយ៉ៃជើងចាស់ដ៏ល្បីឈ្មោះ លោកតា ព្រហ្មម៉ាញ បានធ្លាក់ខ្លួនឈឺធ្ងន់ព្រោះជំងឺលើសឈាម ដោយកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលមានការជូនដំណឹងពីស្ថានភាពជំងឺរបស់លោកតាជាបន្តបន្ទាប់ពីតារាកំប្លែងស្រី កាឆយ។
ដោយឡែក ខណៈពេលដែល លោកតា កំពុងតែធ្លាក់ខ្លួនឈឺធ្ងន់ស្ថិតក្នុងការព្យាបាលនេះ ស្រាប់តែនៅថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ម្សិលមិញ បានផ្ទុះភ្ញាក់ផ្អើលខ្លាំង ដែលមានភាន់ច្រឡំដោយមានទំព័រហ្វេសប៊ុកមួយបានបង្ហោះថាលោកតាបានទទួលមរណភាព។
ភ្លាមៗនោះក៏មានអ្នកបណ្ដាញសង្គមជាច្រើនបានធ្វើការចេញបកស្រាយការភាន់ច្រឡំនេះផងដែរ ជាក់ស្ដែងក៏បានឃើញទំព័រហ្វេសប៊ុកផេក លោក តាន់ គឹមឡេង ក្រោយពីកើតមានព័ត៌មានលោកតា ព្រហ្មម៉ាញ បានស្លាប់ លោកក៏បានទៅមន្ទីរពេទ្យដែលសិល្បករជើងចាស់រូបនេះកំពុងសម្រាកព្យាបាល ដើម្បីបញ្ជាក់ការពិត ក្រោយខ្លួនបានធ្វើខុសឆ្គងដោយអចេតនាក្នុងរឿងនេះផងដែរ។
ក្នុងនោះលោកក៏ថែមទាំងបានថតវីដេអូខ្លីពីសកម្មភាព និង ស្ថានភាពរបស់ លោកតា ព្រហ្មម៉ាញ ថែមទៀត ដែលឃើញលោកតាបាននិយាយដោយផ្ទាល់ឱ្យដឹងថា លោកតាមិនបានកើតអ្វីឡើយ ហើយស្ថានភាពជំងឺរបស់លោកពេលនេះក៏បានធូរស្រាលជាងមុនផងដែរ។
ក្នុងវីដេអូនេះ អ្វីដែលកាន់តែពិសេស និង គួរឱ្យសរសើរខ្លាំងចំពោះ សិល្បករជើងចាស់រូបនេះ ខណៈពេលដែលខ្លួនកំពុងតែធ្លាក់ខ្លួនឈឺនៅលើគ្រែពេទ្យបែបនេះហើយ លោកតានៅតែមានចិត្តចង់បន្តការងារសិល្បៈផ្នែកអាយ៉ៃ និង បង្ហាត់បង្រៀនដល់ក្មេងៗជំនាន់ក្រោយថែមទៀត។
ក្នុងនោះលោកតាបានរៀបរាប់ថា ៖ «ខ្ញុំសុំផ្ដាំថា ខ្ញុំអត់ទាន់អីទេ ហើយនៅតែមានគំនិតថាចង់បម្រើការងារបង្ហាត់បង្រៀនក្មេងៗជំនាន់ក្រោយឱ្យចេះខាងផ្នែកអាយ៉ៃ ដោយសារវាមានតិចណាស់ អ៊ីចឹងគួរតែជួយអភិរក្ស»៕
សូមទស្សនាវីដេអូខាងក្រោម៖