
អាយុជិត ៦០ ឆ្នាំហើយ ទិនហ្វីធ្លាប់មានស្នេហា ៤ ដងគត់ ប៉ុន្តែសុទ្ធតែបរាជ័យ
ជាក់ស្ដែងណាស់ ប្រិយមិត្តភាគច្រើន ប្រាកដជាស្គាល់បានមកហើយ នូវបុគ្គលម្នាក់ដែលធ្លាប់ល្បីល្បាញខ្លាំង ក្នុងវិស័យឧស្សាកម្មភាពយន្តរបស់ប្រទេសចិនកន្លងមក គឺលោក Stephen Chow ដែលយើងរាល់គ្នាស្គាល់ និង ហៅថា ជាស្តេចកំប្លែងទិនហ្វីនោះ។ យ៉ាងណាមិញ ភ្លេចខ្លួនៗ មកទល់ពេលនេះ លោក Stephen Chow បានឈានចូលវ័យ ៥៩ ឆ្នាំទៅហើយ ពោលគឺដំណើរជីវិតកាន់តែទៅមុខ សម្រស់មុខមាត់ក៏កាន់តែវិវត្តទៅតាមវ័យ ប៉ុន្តែអ្វីដែលនៅគាំងនោះ គឺជីវិតស្នេហារបស់លោក។
ក្នុងនោះ វ័យស្ទើរតែចូលខ្ទង់ ៦០ ហើយ តែគេសង្កេតឃើញថា តារាប្រុសម្នាក់នេះ ហាក់មិនទាន់រកឃើញកោះត្រើយជីវិតជាមួយនារីណាម្នាក់ឡើយ ខណៈអ្នករួមអាជីពផ្សេងៗមានគ្រួសារអស់ទៅហើយ។ បើងាកមកចាប់អារម្មណ៍ប្រវត្តិស្នេហារបស់លោក វិញ មើលទៅក៏ហាក់មិនសូវសមប្រកបប៉ុន្មាននោះទេ ដោយលោកធ្លាប់ប្រឡូកតែរហូតដល់ទៅ ៤ ដង តែអាចនិយាយបានថាត្រូវបរាជ័យទាំងអស់ រហូតត្រូវមករស់នៅតែម្នាក់ឯងដូច្នេះ។ ខាងក្រោមនេះ គឺជាស្នេហាទាំង ៤ ដងរបស់ស្តេចល្បែងទិនហ្វី៖
១. Luo Huijuan
ស្នេហាដំបូងរបស់ Stephen Chow គឺជាមួយនឹងតារាស្រី Luo Huijuan គឺក្នុងអំឡុងឆ្នាំ ១៩៨៨ ក្រោយពីពួកគេបានថតរឿង Ade is Crazy ជាមួយគ្នា។ យ៉ាងណាមិញ ក្រោយពីបានទាក់ទងគ្នាប្រហែល ៣ ឆ្នាំ អ្នកទាំងពីរក៏បានចែកផ្លូវគ្នាវិញ ដោយសារតែខាងស្រីចង់រៀបការ តែ Stephen Chow ហាក់នៅស្ទាក់ស្ទើរព្រោះកំពុងល្បីខ្លាំង ទើបរហូតឈានដល់ការបែកបាក់ដូច្នេះ។ ដោយឡែក Luo Huijuan បានរៀបការនៅឆ្នាំ ២០០៨ ជាមួយអ្នកថ្មី តែក្រោយមកនាងក៏មកបាត់បង់ជីវិតនៅឆ្នាំ ២០១២ ដោយសារមហារីក។
២. Zhu Yin
ក្រោយមក Stephen Chow ក៏បានមកទាក់ទងជាមួយនឹងតារាស្រី Zhu Yin វិញ ។ ទាំងគូនេះ បានប៉ះគ្នាយ៉ាងផ្អែមល្ហែមនៅក្នុងរឿងភាគជាច្រើន តែស្នេហារបស់ពួកគេទៅមុខមិនបានយូរឡើយ ក៏ត្រូវចែកផ្លូវគ្នាវិញ។ យ៉ាងណាមិញ Zhu Yin បានរៀបការជាមួយអ្នកថ្មីនៅឆ្នាំ ២០១២ ហើយនាងក៏មានកូនម្នាក់ជាចំណងដៃផងដែរ។
៣. Karen Mok
មិនយូរប៉ុន្មាន Stephen Chow ក៏បានមកទាក់ទងជាមួយនឹងតារាស្រី Karen Mok វិញម្តង ដោយពួកគេបានសម្តែងជាមួយគ្នាជាច្រើនរឿង។ តែក្រោយពីបានទាក់ទងគ្នា ៣ ឆ្នាំ ខាងស្រីក៏បានសុំបែក ហើយនាងក៏បានមករៀបការជាមួយអ្នកថ្មីនៅឆ្នាំ ២០១១ ផងដែរ។
៤. Yu Wenfeng
Stephen Chow បានមកទាក់ទងជាមួយនឹង Yu Wenfeng រហូតជាង ១០ ឆ្នាំ ដែលដើមឡើយនាងគ្រាន់តែអ្នកគាំទ្រម្នាក់ប៉ុណ្ណោះ។ ពួកគេបានចាប់ផ្តើមទាក់ទងគ្នានៅក្នុងឆ្នាំ ១៩៩៧ តែត្រូវមកបែកគ្នាវិញនៅឆ្នាំ ២០១០ ដោយសារតែចម្រូងចម្រាស់រឿងអចលនទ្រព្យ ហើយពួកគេថែមទាំងមានការប្តឹងផ្តល់គ្នាថែមទៀតផង៕