(វីដេអូ) ខាត់ ជេមស៍ ទម្លាយគ្រាផ្ដើមស្នេហ៍តាមសុំស្រឡាញ់ប្រពន្ធអស់ ៤ ឆ្នាំ ទម្រាំគេព្រមរៀបការ
មហាជនបានជ្រាបហើយ កាលពីកន្លងទៅ តារាចម្រៀង លោក ខាត់ ជេមស៍ ក៏ធ្លាប់បានទម្លាយខ្លះៗពីជីវិតគ្រួសាររបស់លោក ដែលបានសាងជាមួយភរិយាអស់រយៈពេលជាង ២០ ហើយ។ មកដល់ពេលនេះ លោក និង ភរិយា មានកូនប្រុសស្រីចំនួន ៤ នាក់ ធំៗទន្ទឹមខ្លួនទៅហើយ ដែលជីវិតគ្រួសាររបស់លោក កំពុងតែរស់នៅយ៉ាងមានសុភមង្គល និង កក់ក្ដៅបំផុត។
ដោយឡែក ថ្មីៗនេះ មហាជនកាន់តែចាប់អារម្មណ៍ខ្លាំងជាមួយនឹងជីវិតគ្រួសាររបស់ តារាប្រុសរូបនេះ ក្រោយពីបានស្ដាប់កិច្ចសម្ភាសរបស់លោកក្នុងកម្មវិធី 3FUN ដែលបានធ្វើការទម្លាយពីប្រវត្តិស្នេហារបស់លោក និង ភរិយា ឱ្យដឹងថា ទម្រាំតែអាចកាន់ដៃភរិយាសាងគ្រួសារជាមួយគ្នា លោកប្រើពេលតាមសុំស្រឡាញ់ភរិយាអស់រយៈពេល ៤ ឆ្នាំឯណ្ណោះ។
ក្នុងនោះ លោក ខាត់ ជេមស៍ បានរៀបរាប់ឱ្យដឹងថា កាលពីគ្រាដំបូង លោកបានសារភាពស្នេហ៍ចំពោះភរិយា ប៉ុន្តែមិនបានសម្រេចឡើយ រហូតលោកព្យាយាមតាមសុំស្រឡាញ់ភរិយាអស់រយៈពេលដល់ទៅ ៤ ឆ្នាំ ទើបភរិយាព្រមស្រឡាញ់ ព្រោះតែពាក្យប៉ុន្មានឃ្លាដែលលោក និយាយទៅកាន់ភរិយាថា ៖ «បងអត់មានអីទេ បងមានតែបេះដូងស្មោះ បងស្រឡាញ់អូន បងមានតែបេះដូងស្មោះ បងអត់មានលុយមានអីដូចគេទេ»។
វីដេអូនេះដែរ កំពុងតែទទួលបានការចាប់អារម្មណ៍ពីមហាជនជាច្រើន ធ្វើការចែករំលែក និង បង្ហាញពីអារម្មណ៍រំភើប ក្រោយស្ដាប់ប្រវត្តិស្នេហ៍របស់ តារាចម្រៀងរូបនេះ ព្រមទាំងធ្វើការជូនពរឱ្យគ្រួសាររបស់លោកកាន់តែទទួលបានសុភមង្គលផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖