(វីដេអូ) ទម្លាយតម្លៃឈុតមួយក្នុង MV «វីរនារី» របស់ ទេព បូព្រឹក្ស ច្នៃឡើងចំណាយលុយខ្ទង់ម៉ឺនដុល្លារ
មហាជនបានជ្រាបហើយថា MV បទចម្រៀងថ្មី «វីរនារី» របស់កំពូលតារាចម្រៀងវ័យក្មេង ទេព បូព្រឹក្ស ផ្ទុះការគាំទ្រខ្លាំងបែបនេះ ដោយសារតែក្នុង MV មួយនេះ មិនត្រឹមតែមានអត្ថន័យលើកតម្កើននូវតម្លៃស្ត្រីខ្មែរដ៏អង់អាច ក្លាហាន និង អស្ចារ្យទេ តែក៏បានឃើញរំលេចនូវទម្រង់សិល្បៈសម័យថ្មី និង សិល្បៈកេរ្តិ៍ដំណែលវប្បធម៌ជាតិដ៏សម្បូរបែប ដែលបានបង្កើតជាទស្សនីយភាពមួយដ៏អស្ចារ្យបំផុត។
នៅក្នុងទស្សនីយភាពមួយដ៏អស្ចារ្យ ដែលបញ្ជៀតនូវទម្រង់សិល្បៈខ្មែរដ៏ល្អឯកនេះដែរ បើងាកចាប់អារម្មណ៍ចំពោះឈុតសម្លៀកបំពាក់ទាំងសម័យ និង បុរាណ ដែលតារាស្រី ទេព បូព្រឹក្ស បានពាក់ក្នុង MV មួយនេះ ប្រមាណ ១១ ឈុតឯណោះ ដែលរចនាឡើងដោយស្នាដៃកូនខ្មែរយ៉ាងប្រណីត ដោយគ្រប់ឈុតសុទ្ធសឹងតែមានឈ្មោះ និង បង្កប់ដោយអត្ថន័យដ៏អស្ចារ្យ។
យ៉ាងណាមិញថ្មីៗនេះ គេបានឃើញ កំពូលតារាចម្រៀងស្រីរូបនេះ បានធ្វើការនិយាយរៀបរាប់ក្នុងវីដេអូសម្ភាសមួយចែកចាយលើបណ្ដាញសង្គម TikTok ដែលនាងបានទម្លាយពីតម្លៃឈុតមួយក្នុង MV «វីរនារី» ឱ្យដឹងថា ឈុតគោលក្នុង MV នេះ ឈ្មោះថា «មណីមេខលា» ដែលបានលាយបញ្ចូលនឹងទម្រង់ឈុតព្រះនាងឥន្ទ្រទេវី គឺច្នៃឡើងចំណាយថវិការហូតដល់ទៅជាង ១ ម៉ឺនដុល្លារឯណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖