ស្ងាត់បាត់យូរ ស្រាប់តែលោក យស បូវណ្ណៈ ធ្វើអ្នកគាំទ្រផ្អើលខ្លាំង ពេលពោលបែបនេះឱ្យភរិយា
ប្រមាណជិត ២០ ឆ្នាំមកហើយ ដែលអតីតតារាសម្តែងប្រុស យស បូវណ្ណៈ បានចាកចេញពីអាជីពសម្តែង និង បានចេញទៅរស់នៅឯសហរដ្ឋអាមេរិក ក្នុងរដ្ឋឡុងប៊ិច តែយ៉ាងណាតារាសម្តែងប្រុសល្បីឈ្មោះក្នុងទសវត្សរ៍ទី ៨០-៩០ នៅតែបន្តរក្សាទំនាក់ទំនងជាមួយអ្នកសិល្បៈ និង ផលិតករក្នុងស្រុកដដែល បើទោះបីជាលោកបានផ្អាកទទួលយកការងារសិល្បៈក៏ដោយ។
ទោះបីជាបានចេញទៅរស់នៅសហរដ្ឋអាមេរិកជុំគ្រួសារប្រពន្ធកូនយ៉ាងមានសុភមង្គលក្តី តារាសម្តែងជើងចាស់សម័យឆ្នាំ ៨០-៩០ ខាងលើ ក៏តែងតែបានមកលេងប្រទេសកំណើតជារឿយៗដែរ ដោយលើកចុងក្រោយនេះគឺនៅចុងឆ្នាំ ២០១៨ ដោយកាលណោះ លោកមិនត្រឹមតែមកលេងប្រទេសកំណើតធម្មតាទេ ប៉ុន្តែថែមទាំងបានចូលរួមថតភាពយន្តថ្មីឱ្យផលិតកម្មមហាហង្សតាមការអញ្ជើញទៀតផង ដែលរឿងនោះមានចំណងជើង «លោកឪពុក» ។
ដោយឡែក ក្រឡេកទៅមើលជីវិតឯកជនរបស់អតីតតារាសម្តែង យស បូវណ្ណៈ និង ភរិយា នៅលើទឹកដីអាមេរិកនោះវិញ សព្វថ្ងៃលោកមានកូនស្រីចំនួន ៣ រូបហើយ ដែលធំពេញវ័យទន្ទឹមនឹងលោកតែម្តង។ លើសពីនោះ បើនិយាយពីជីវិតប្តីប្រពន្ធរបស់លោក បើទោះជាមានវ័យជ្រេបន្តិចមែន តែលោក យស បូវណ្ណៈ និង ភរិយា នៅតែបង្ហាញភាពផ្អែមល្ហែមស្ទើររៀងរាល់ថ្ងៃដូចជាស្នេហាយុវវ័យដូច្នោះ។
ជាក់ស្តែង កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ លោក យស បូវណ្ណៈ បានបង្ហោះសារយ៉ាងផ្អែមដូចស្ករតាំងម៉ែ នៅលើគណនីហ្វេសប៊ុករបស់លោក ធ្វើឱ្យមានការចាប់អារម្មណ៍ និង ចែករំលែកយ៉ាងច្រើនពីអ្នកគាំទ្រ ព្រោះលោកបានបង្ហោះសារទៅកាន់ភរិយាថា ៖ «ក្នុងមួយជីវិត គ្មានអ្វីមានតម្លៃជាងសុភមង្គលក្នុងរង្វង់គ្រួសាររបស់យើងទេ! អរគុណអ្វីៗគ្រប់យ៉ាង ដល់ឧត្តមភរិយាមាសបង ដែលផ្តល់នូវសេចក្តីស្រឡាញ់ដោយស្ម័គ្រស្មោះអស់ពីដួងចិត្តដល់គ្រួសារយើង។ ពីខ្ញុំបាទ យស បូវណ្ណៈ។ Thank you so much my beautiful lovely Wife for giving warning lovely, happiness to our family. Wishing all the best to everyone on the world. From Yous Bovannak Family»៕