មុនឡើងយន្តហោះទៅប្រកួត បវរកញ្ញាចក្រវាលថៃ ធ្លាប់យំរត់រកពេទ្យចិត្តវិទ្យាឱ្យជួយ ព្រោះរឿងតែនេះ
កាលពីល្ងាចថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ បវរកញ្ញាចក្រវាលប្រទេសថៃ នាង Anchilee Scott Kemmis បានធ្វើដំណើរទៅចូលរួមប្រកួតកម្មវិធី Miss Universe នៅប្រទេសអ៊ីស្រាអែលដែលត្រៀមប្រព្រឹត្តិនាពេលដ៏ខ្លីខាងមុខនេះហើយ។
ជាមួយនឹងការចេញដំណើរនេះ គេសង្កេតឃើញថាមានមហាជនអ្នកគាំទ្របវរកញ្ញាថៃជាច្រើនបាននាំគ្នាចូលរួមអបអរ ក៏ដូចជាលើកទឹកចិត្តចំពោះនាង Anchilee ក្នុងការដណ្ដើមយកមកុដជាលើកទី ៣ ជូនប្រទេសថៃ ព្រោះកន្លងមកប្រទេសថៃធ្លាប់បានក្លាយជាម្ចាស់មកុដ ២ ដងរួចមកហើយ។
ដោយឡែក បើងាកទៅមើល Anchilee ក៏មានការតាំងចិត្ត និង ត្រៀមខ្លួនរួចរាល់ ១០០ ភាគរយផងដែរ ដើម្បីត្រៀមក្លាយជាម្ចាស់មកុដនាឆ្នាំនេះ។ ទន្ទឹមនឹងការត្រៀមខ្លួននោះ នាង Anchilee ក៏ជួបនឹងព្យុះភ្លៀងមិនស្ទើរនោះដែរ។ អាចនិយាយថាចាប់តាំងពីថ្ងៃទទួលបានមកុដបវរកញ្ញាចក្រវាលថៃ បវរកញ្ញារូបនេះត្រូវបានគេរិះគន់មកជារឿយៗ មិនថារឿងរូបសម្រស់ និង សកម្មភាពមួយចំនួនទៀតនោះទេ សឹងតែឱ្យនាងរកពេលសម្រាកបានស្រួលគ្មាន។
យ៉ាងណាមិញ មុនឡើងយន្តហោះទៅប្រកួតនៅប្រទេសអ៊ីស្រាអែល នាង Anchilee បានចូលក្នុងកម្មវិធីសម្ភាសន៍កម្សាន្តមួយ ដោយនាងបាននិយាយពីការតាំងចិត្ត និង ភាពលំបាករបស់នាងខណៈដែលជាប់ជាម្ចាស់មកុដ។ ក្នុងនោះដែរ នាងក៏បានបង្ហើបប្រាប់ថា នាងធ្លាប់យំ តូចចិត្ត ព្រោះនាងក៏ជាមនុស្សម្នាក់នឹងគេដែរ ប្រសិនបើមានគេស្ដី គេរិះគន់ នាងក៏ចេះឈឺចាប់ដែរ តែយ៉ាងណានាងនៅតែប្រឹងប្រែងក្រោកឈរបន្តដើម្បីការប្រកួតយកមកុដនេះឱ្យបាន។ បន្ថែមលើសពីនោះ បវរកញ្ញារូបនេះក៏ធ្លាប់រត់ទៅជួបពេទ្យចិត្តសាស្ត្រផងដែរ ដើម្បីឱ្យពេទ្យជួយប្រឹក្សា ក្នុងការត្រៀមខ្លួនសម្រាប់ការតាំងស្មារតីយ៉ាងណាឱ្យបានល្អអំឡុងពេលប្រកួត៕