អាថ៌កំបាំង ៦ យ៉ាង ដែលអ្នកកម្រដឹង ពីបុរសសង្ហា Rowoon តួឯករឿង «The King’s Affection»
រឿងភាគកូរ៉េដែលមានចំណងជើងថា «The King’s Affection» ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រិយមិត្តដែលនិយមតាមដានរឿងភាគកូរ៉េ ដោយរឿងមួយនេះទទួលបានចំណាត់ថ្នាក់ខ្ពស់លើការ Rating ពីមួយភាគទៅមួយភាគ។
បង្វែរការចាប់អារម្មណ៍មកលើតួឯកប្រុស ដែលសម្តែងដោយ Rowoon ក្នុងរឿងនេះវិញ គេសង្កេតឃើញថាមានការគាំទ្រមិនធម្មតានោះទេ ព្រោះតែបុរសសង្ហារូបនេះ មិនត្រឹមតែជាតារាសម្តែងមួយរូបនោះទេ តែគេក៏ជាអាយដល K-POP ដែលជាសមាជិកក្រុម SF9 ផងដែរ។
យ៉ាងណាមិញ មានរឿង ៦ យ៉ាង ដែលអ្នកគាំទ្រភាគច្រើនពុំសូវបានដឹងពីបុរសសង្ហាម្នាក់នេះ ដូចជា៖
១. ក្រៅពីមានកម្ពស់ ១៩២ សម និង មានមុខមាត់ស្រស់សង្ហា Rowoon គឺជាសិស្សពូកែមួយរូប ដែលមានប្រវត្តិការសិក្សាល្អ ហើយមានពិន្ទុខ្ពស់។
២. បើទោះបីជាមានរូបរាង និង មុខមាត់អំណោយផល តែអាជីពសិល្បៈមិនមែនជាការចាប់ផ្តើមដោយងាយនោះឡើយ ដោយ Rowoon ត្រូវហ្វឹកហាត់អស់ពេលជាង ៦ ឆ្នាំ ទម្រាំបានក្លាយជាសមាជិក SF9 ហើយបានដើរតួរាយរងជាច្រើនរឿងទម្រាំបានឡើងដំណែងតួឯក។
៣. ហ្វេនភាគច្រើនគិតថា Rowoon ជាមនុស្សសុភាពមិនសូវចេះមាត់-ក ព្រោះតែរូបសម្បត្តិ និង មុខមាត់បែបសុភាពបុរសរបស់លោក តែផ្ទុយទៅវិញ Rowoon គឺជាមនុស្សដែលចូលចិត្តនិយាយលេងសើចច្រើន ផ្ទុយស្រឡះពីការគិតរបស់អ្នក។
៤. ដោយសារតែមានកម្ពស់ខ្ពស់ពេក ហេតុដូចនេះលោកជួបឧបសគ្គ មិនគួរជួបច្រើននៅពេលថតកុនគឺ ពិបាកចាប់ប្លង់កាមេរ៉ា ជួនកាលត្រូវថតដោយពុំពាក់ស្បែកជើង ព្រោះតែកម្ពស់ខ្ពស់ផុតប្លង់កាមេរ៉ា និង ដាក់ឱ្យឃើញតួស្រី។
៥. Rowoon ជាមនុស្សឆាប់ខ្លាច និង ស្លន់ស្លោ ដោយគាត់មិនអាចមើលរឿងខ្មោចភ័យរន្ធត់បានឡើយ ហើយគាត់ខ្លាច និង ស្អប់សត្វល្អិតបំផុត។
៦. Rowoon មានទម្លាប់អាក្រក់មួយគឺចូលចិត្តអង្អែលចិញ្ចើម ឬ ដកទាញចុងសរសៃវាតិចៗ ពេលដែលទំនេរដៃ៕