ចេញសម្តែងបាន ៨ ឆ្នាំ Seo Ye Ji ធ្លាប់ផ្ទុះរឿងអាស្រូវស្នេហាធំៗជាមួយតារាប្រុស ៣ រូបនេះ
Seo Ye Ji តារាសម្តែងស្រីវ័យ ៣១ ឆ្នាំ ដែលបោះជំហានចូលសិល្បៈតាំងពីឆ្នាំ ២០១៣ តាមរយៈរឿងដំបូងដែលមានចំណងជើងថា «Love»។ តារាស្រីរូបនេះបានផ្ទុះកេរ្តិ៍ឈ្មោះសាយល្បីខ្ទរខ្ទារ ក្រោយបានចាប់ដៃគូជាមួយកំពូលតារាប្រុស Kim Soo Hyun ក្នុងរឿង «It’s Okay To Not Be Okay» ក្នុងឆ្នាំ ២០២០ ដែលនាំឱ្យនាងឡើងកូដក្លាយជាតារាស្រីមានឥទ្ធិពលមួយរូបប្រចាំកូរ៉េខាងត្បូង។
យ៉ាងណាមិញ បើនិយាយពីសម្ពន្ធស្នេហាវិញ បច្ចុប្បន្ននេះ Seo Ye Ji ត្រូវបានគេរាយការណ៍ថាគឺបេះដូងទំនេរស្អាត មិនទាន់មានគូគ្រង ប៉ុន្តែរូបនាងធ្លាប់លេចធ្លាយព័ត៌មានរសើបរឿងស្នេហាជាមួយកំពូលតារាប្រុស ៣ រូបដែលសុទ្ធសឹងតែល្បីឈ្មោះ ដោយមានដូចជា ៖
១. Seo Ye Ji និង Kim Soo Hyun
ច្បាស់ណាស់ថា ព្រោះតែការសម្តែងជាមួយគ្នាបានយ៉ាងសមឥតខ្ចោះ Seo Ye Ji និង Kim Soo Hyun ត្រូវបានមហាជនចាប់គូជាមួយគ្នា រហូតក្លាយជារឿងរសើបចចាមអារ៉ាមស្នេហា ដែលកើតចេញពីប្រភពអ្នកគាំទ្រ តែស្នេហាមួយនេះហាក់មិនអាចរលូនទៅបាននោះឡើយ ព្រោះតែសាមីខ្លួនទាំងពីរបានត្រឹមចេញមុខបដិសេធថាជាមិត្តរួមការងារនឹងគ្នាតែប៉ុណ្ណោះ។
២. Seo Ye Ji និង Kim Jung Hyun
ក្រោយផ្ទុះរឿងអាស្រូវរបស់តារាប្រុស Kim Jung Hyun ជាមួយនឹង Seolhyun សមាជិកក្រុម Girls’ Generation មហាជនបានជីកកកាយឃើញថាមានជាប់ពាក់ព័ន្ធជាមួយ Seo Ye Ji ដោយគេបានទម្លាយសារថានាងជាដើមហេតុ។ ក្រោយមកក៏មានបែកធ្លាយព័ត៌មានស្នេហាថាអ្នកទាំងពីរជាអតីតគូស្នេហ៍ ដោយតារាប្រុសរូបនេះបានស្រឡាញ់ និង ធ្វើតាមតារាស្រីរូបនេះបញ្ជា។ ចំពោះទំនាក់ទំនងស្អិតល្មួតយ៉ាងណានោះ គឺពុំមានការបកស្រាយជាក់លាក់ណាមួយពីសាមីខ្លួននោះឡើយ ចំណែកឯក្រុមហ៊ុនទាំងសងខាង បានត្រឹមចេញមុខច្រានចោលរឿងនេះ។
៣. Seo Ye Ji និង Yunho
ចចាមអារ៉ាមស្នេហារវាង Seo Ye Ji និង Yunho បានកើតតាំងពីនាងទើបចូលសិល្បៈបានជាង ១ ឆ្នាំ គឺអំឡុងឆ្នាំ ២០១៤ ដោយអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈរឿង «The Night Watchman» ហើយក្រោយក៏មានព័ត៌មានស្នេហាលេចចេញឡើង។ ទោះបីជាហ្វេនអ្នកគាំទ្រជឿថាតារាប្រុសស្រីមួយគូនេះពិតជាមានចំណងស្នេហាពិតប្រាកដមែនក្តី ក៏ក្រុមហ៊ុនទាំងសងខាងចេញមុខបដិសេធ ហើយច្រានចោលដោយពុំមានការបកស្រាយលម្អិតនោះឡើយ៕
ប្រភព៖ Channel-Korea