ទើបដេញពេលារៀបការរួច! Pancake ដឹកដៃគូស្នេហ៍បណ្តែតប្រទីបបង្កើតអនុស្សាវរីយ៍ថ្មី
កាលពីកន្លងទៅថ្មីៗនេះ Pancake Khemanit តារាសម្តែងស្រីល្បីឈ្មោះរបស់ថៃ បានដឹកដៃគូស្នេហ៍ដែលជាឧត្តមសេនីយ៍ ទៅដេញពេលារៀបការ ក្រោយមើលចិត្តថ្លើមគ្នាជាង ១០ ឆ្នាំ។
តារាស្រីល្បីឈ្មោះមានរូបរាងខ្ពស់ស្រឡះ ដៃជើងស្រឡូនរូបនេះ បានធ្វើឱ្យអ្នកគាំទ្ររំភើបជាខ្លាំងក្រោយបង្ហើបចេញដំណឹងនេះ ព្រោះមានហ្វេនជាច្រើនកំពុងរង់ចាំដំណឹងល្អពីនាង។ យ៉ាងណាមិញថ្ងៃខែកំណត់ច្បាស់លាស់នៃពិធីមង្គលរបស់គូស្នេហ៍មួយគូនេះ គឺពុំទាន់បានប្រកាសជាសាធារណៈនៅឡើយទេ។
ស្របពេលជាមួយគ្នានេះដែរ ដើម្បីបង្កើនចំណងស្នេហ៍ឱ្យកាន់តែផ្អែមល្ហែម Pancake បានបណ្តើរគូស្នេហ៍ទៅជិះទូកកម្សាន្ត សាងអនុស្សាវរីយ៍ស្នេហ៍ថ្មីៗ នៅថ្ងៃ Loy Kratong របស់ថៃ ដោយឆ្លៀតពេលបណ្តែតប្រទីបគូស្នេហ៍យ៉ាងល្អូកល្អើន។
មហាជនរំពឹងថា Pancake នឹងគូស្នេហ៍នៅតែបន្តភាពផ្អែមល្ហែមជាមួយគ្នា ជាពិសេសគឺបង្ហើបប្រាប់ជាសាធារណៈនៅថ្ងៃមង្គល ដែលពួកគេទន្ទឹងរង់ចាំ ចង់ដឹងឮ៕