
ជ័យលាភីរងទី ២ MUC ២០២១ មិនស្រវាចូលសិល្បៈ ត្រលប់ទៅអាមេរិកវិញក្រោយចប់ប្រកួត
ស្រីស្រស់តូចច្រឡឹង ម៉ាហ្គារ៉េតស៊ីម ពេជ្រចរណែ ដែលជាម្ចាស់ជ័យលាភីរងលំដាប់ទី ២ ក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២១ សម្រេចចិត្តធ្វើដំណើរត្រលប់ទៅសហរដ្ឋអាមេរិកវិញ ក្រោយចប់ការប្រកួត ដោយមិនស្រវាចូលសិល្បៈនោះឡើយ។
មុននេះបន្តិចយោងតាមប្រភពអ្នកគ្រប់គ្រង និងជាអ្នករៀបចំការប្រកួតកញ្ញាឯកចក្រវាលកម្ពុជា លោក ម៉ែន និមលរ័ត្ន បានបង្ហោះសារជូនពរដល់កញ្ញា ម៉ាហ្គារ៉េតស៊ីម ពេជ្រចរណែ ក្នុងឱកាសធ្វើដំណើរត្រលប់ទៅវិញ ឱ្យជួបសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងសង្ឃឹមថានឹងមានឱកាសរួមការងារជាមួយគ្នាជាថ្មីម្តងទៀត។
លើសពីនេះគេក៏សង្កេតឃើញមានអ្នកគាំទ្រជាច្រើននាក់បានចែករំលែក និងខំមិនជូនពរ ដល់រូបនាង ដោយបង្ហាញពីទឹកចិត្តស្រលាញ់ និងការគាំទ្រ។ គួរបញ្ជាក់ឱ្យដឹងដែរថា ម៉ាហ្គារ៉េតស៊ីម ពេជ្រចរណែ បានចូលប្រកួតក្នុងកម្មវិធីកញ្ញាឯកចក្រវាលកម្ពុជា ២០២១ នាអំឡុងខែតុលា កន្លងទៅនេះ ដោយទទួលបានជ័យលាភីរងលំដាប់ទី ២ នាងជាបេក្ខភាពលេចធ្លោមួយរូប និងមានការគាំទ្រខ្ពស់ ទាំងរូបសម្រស់ ចំណេះដឹង និងអាចនិយាយភាសាបរទេសបានយ៉ាងរលូន៕