បុរសម្នាក់ ទម្លាយខ្ទេចពីអាថ៌កំបាំងក្រោយ MV «វីរនារី» ដ៏អស្ចារ្យរបស់ ទេព បូព្រឹក្ស កំពុងផ្ទុះពេញហ្វេសប៊ុក
កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកគាំទ្រវិស័យចម្រៀងខ្មែរកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនូវ Teaser ដំបូងនៃ MV «វីរនារី» របស់កញ្ញា ទេព បូព្រឹក្ស ដែលមានរយៈពេលប្រមាណត្រឹមតែ ២០ វិនាទីប៉ុណ្ណោះ។
MV «វីរនារី» របស់តារាចម្រៀងស្រីរូបនេះ គឺជាការបញ្ចេញគម្រោងផលិតដោយនាងផ្ទាល់ មិនស្ថិតនៅក្នុងផលិតកម្មណានោះឡើយ។ លើសពីនោះ MV មួយនេះ នាងបានលះបង់ទាំងបេះដូងធ្វើឡើង ក្នុងគោលបំណងបង្ហញអត្តសញ្ញាណខ្មែរ និង លើកកម្ពស់តម្លៃស្ត្រីខ្មែរយ៉ាងខ្លាំងក្លា ហើយពិសេសទៀតនោះ នាងចំណាយចំពោះដំណើរថត MV មួយនេះ រហូតដល់ ៦០០ លានរៀលឯណោះ។
ដោយឡែក អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ទៀតនោះ ក្រោយពី Teaser នៃ MV មួយនេះ បានផ្ទុះការចាប់អារម្មណ៍ខ្លាំងពីមហាជន ស្រាប់តែលោក Athika ជា Infulencer ម្នាក់ បានចេញមុខមកបញ្ជាក់ពីរឿងរ៉ាវជាច្រើននៅក្រោយការថត MV បទថ្មីរបស់តារាស្រីរូបនេះ ដែលបានឱ្យដឹងថា ទម្រាំតែ MV ចេញជារូបរាងដ៏អស្ចារ្យបែបនេះ កញ្ញា ទេព បូព្រឹក្ស បានចំណាយទាំងថវិកាផ្ទាល់ខ្លួន ចំណាយទាំងចិត្តគំនិត ទាំងបេះដូង និង ឆន្ទៈ ដើម្បីផលិត ដែលនាងគិតគ្រោងទុកជាង ២ ឆ្នាំ ហើយបានចំណាយពេលថតជាង ២ ខែ ព្រមទាំងសហការជាមួយនឹងក្រុមការងាររហូតដល់ទៅ ១២៦ នាក់ទៀតផង។
នេះបើតាមអត្ថន័យសារ ដែល Infulencer ដ៏ល្បីឈ្មោះ លោក Athika បានបង្ហោះរៀបរាប់យ៉ាងវែងអន្លាយនោះថា៖ «ខ្ញុំពិតជាមានមោទនភាពចំពោះចែព្រឹក្សណាស់ Tep Boprek ខ្ញុំមកនេះ មិនមែនមកនិយាយយកឡូយអោយអ្នកទាំងអស់គ្នាមើលមកខ្ញុំល្អនោះទេ តែខ្ញុំចង់ចែករំលែករឿងដែលយើងទាំងអស់គ្នាគួរដឹង មួយរយះក្រោយនេះ ខ្ញុំមានការងារច្រើនដែលបានប៉ះជាមួយចែព្រឹក្ស ដែលធ្វើអោយខ្ញុំ និង ក្រុមការងារ PATRÓN បានមានឪកាសធ្វើការក្នុង Project បទចម្រៀង វីរនារី Top of the Lady នេះ ! ដូចអ្នកទាំងអស់គ្នាបានដឹងតៗគ្នាថា MV មួយនេះ ចំណាយអស់រហូតដល់ 600 លានរៀល ខ្ញុំចង់បញ្ជាក់ថានេះគឺជារឿងពិត! ថ្ងៃដែលចែព្រឹក្សយកឡានទៅលក់ដើម្បីយកថវិការផ្ទាល់ខ្លួនមកធ្វើMVនេះ ខ្ញុំក៏បានទៅជាមួយគាត់ដែរ! ការលះបង់ថវិកាផ្ទាល់ខ្លួនសំរាប់គាត់ខ្ញុំគិតថាវាមិនមែនជារឿងធំសំរាប់គាត់នោះទេ ប៉ុន្តែមនសិការក្នុងការបង្កើត MV ដែលតំណាងអោយប្រជាជាតិយើងទាំងមូលគឺជារឿងយើងមិនអាចមើលរំលងបាន។ គម្រោងធ្វើបទមួយ ដែលតំណាងអោយប្រទេសយើងគឺមានក្នុងចិត្តគាត់តាំងពី ២ ឆ្នាំមុន ហើយ Project MV នេះត្រូវបានដំឡើងរយះពេល ២ ខែ ជាមួយក្រុមការងារសរុប ១២៦ នាក់ (ក្រុមការងារគ្រប់ផ្នែកសុទ្ធតែសំខាន់)»៕