(វីដេអូ) បង្ហាញចំណុចពិសេស ៦ យ៉ាងខ្លឹមៗ គួរតែទស្សនារឿងភាគខ្មែរ «ស្នេហាល្ងង់+ល្ងង់»
រឿងភាគខ្មែរថ្មីដែលមានចំណងជើងថា «ស្នេហាល្ងង់+ល្ងង់ (Doblue Stupid Love)» ផលិតដោយក្រុមហ៊ុន Sastra Film ហាក់ទទួលបានការចាប់អារម្មណ៍ជាខ្លាំង ដោយវាជាស្នាដៃសាច់រឿងថ្មី ប្លែកខុសពីមុន ជាពិសេសគឺមានលាយបង្កប់ឈុតឆាកស្នេហា រោលរាល និង ត្រូវចាត់ចូលជារឿងកម្រិតប្រភេទ ១៨+។
លើសពីនេះទៅទៀត គឺ «ប្រជាប្រិយ» បានរកឃើញថា មានចំណុចពិសេស ៦ យ៉ាង ដែលប្រិយមិត្តអ្នកគាំទ្ររបស់ Sastra មិនគួរមើលរំលង ៖
១. គឺជាស្នាដៃដឹកនាំ និង ផលិតដោយកញ្ញា ប៊ុន ចិត្រា ដែលជាគ្រាប់ពេជ្រចែងចាំងមួយគ្រាប់ប្រចាំ Sastra Film មានស្នាដៃរឿងល្បីៗជាច្រើន។
២. និពន្ធសាច់រឿងដោយអ្នកដឹកនាំផ្ទាល់ និង សហការនិពន្ធដោយដៃគូឆ្នើម ស៊ន ស្រីសីន ដែលអ្នកទាំងពីរធ្លាប់ចាប់ដៃគូគ្នាផលិតរឿងជាច្រើន ហើយសុទ្ធសឹងតែមានការគាំទ្រភ្លូកទឹកភ្លូកដី។
៣. ក្រុមការងារផលិតមិនថាអ្នកនិពន្ធ អ្នកដឹកនាំ អ្នកគ្រប់គ្រងផលិត អ្នកគ្រប់គ្រងប្លង់ថត គឺសុទ្ធតែជាមនុស្សស្រី ហើយសុទ្ធសឹងតែមានឆន្ទៈ និង ការតស៊ូខ្ពស់។
៤. តួស្រីស្អាត មានបទពិសោធច្រើនឆ្នាំ ធ្លាប់លេងរឿងឱ្យ Sastra Film ជាច្រើនរឿងដូចជារឿង «មនុស្ស Zero» «ខឹងគេធ្វើបាបខ្លួនឯង» ជាដើម។ តារាសម្តែងស្រី ហ្វាហ្វា ត្រូវបានអ្នកដឹកនាំកោតសរសើរថាជាមនុស្ស ដែលមានការលះបង់ខ្ពស់ ក្នុងការសម្តែង និង មានទេពកោសល្យ។
៥. តួប្រុសសម្តែងដោយ ឡៅ បញ្ញា ជាតារារះថ្មីមានរូបរាងសង្ហាសាច់ដុំធំៗ និង ជាអតីតម្ចាស់ជ័លាភីចំណាត់ថ្នាក់លេខ ២ ក្នុងកម្មវិធីប្រកួតបុរសឯក Mister Asian International 2019។
៦. «ស្នេហាល្ងង់ + ល្ងង់» ជាស្នាដៃដំបូងដែល ហ្វាហ្វា និង ឡៅ បញ្ញា សម្តែងរួមគ្នា ហើយជារឿងប្រភេទ ១៨+ ដែលមានទាំងឈុតឆាករោលរាល ស្នេហាស៊ីជម្រៅ និង សារអប់រំបង្កប់ ដែលធ្វើឱ្យសាច់រឿងមានគ្រប់រសជាតិ៕