
អៀង ចេនឡា រំភើបគ្មានអ្វីផ្ទឹម ពេលសម្ដេចទាំងពីរ ផ្ដល់អំណោយ ១ ម៉ឺនដុល្លារ ព្យាបាលជំងឺ
តារាសម្ដែង លោក អៀង ចេនឡា បានបង្ហោះសារប្រកបដោយក្ដីរំភើប និង ត្រេកអរជាពន់ពេក ក្រោយទទួលបានអំណោយដ៏ថ្លៃថ្លាពីសម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំនួនទឹកប្រាក់ ១ ម៉ឺនដុល្លារសម្រាប់ព្យាបាលជំងឺ។
ក្រៅពីថវិកាដ៏ច្រើនសន្ធឹកសន្ទាប់ពីសម្ដេចទាំងទ្វេនេះ អៀង ចេនឡា ក៏ទទួលបានប័ណ្ណសរសើរពីសមាគមអ្នកនិពន្ធខេមរៈ ទៀតផង។
ដោយសេចក្ដីរំភើបខ្លាំងបំផុតនេះ អៀង ចេនឡា បានរៀបរាប់ទាំងក្ដុកក្ដួលនៅលើគណនីហ្វេសប៊ុកថា ៖ «កូនរំភើបឡើងស្រក់ទឹកភ្នែក នៅពេលបានទទួលអំណោយដ៏ថ្លៃថ្លាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ១ ម៉ឺនដុល្លារ តាមរយៈឯកឧត្តម ចាន់ កុលបុត្រ កូនសូមគោរពជូនពរសម្ដេចពុក និង ក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន ដើម្បីបន្តដឹកនាំ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព និង ការអភិវឌ្ឍជានិច្ចនិរន្តរ៍»៕