
លះបង់មែន! ទេព បូព្រឹក្ស បានលក់ឡានទំនើបមួយគ្រឿងគ្មានស្តាយ ដើម្បីយកលុយផលិត MV «វីរនារី»
ពិតជាមិនធម្មតារយៈពេលត្រឹមតែ ២៤ ម៉ោង Teaser ដំបូងនៃ MV «វីរនារី» របស់កញ្ញា ទេព បូព្រឹក្ស មានអ្នកទស្សនានៅលើ Youtube ចំនួន 500 K ទៅហើយ។ លើសពីនោះ ស្ទើរតែគ្រប់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកម្ពុជា និង fan page ជាច្រើនបានចែករំលែកវីដេអូនេះតៗគ្នា ព្រមទាំងសរសើរ ស្ងប់ស្ងែងយ៉ាងខ្លាំងដល់កញ្ញា ទេព បូព្រឹក្ស ទៀតផង។
ក្នុងនោះ ការផលិត MV ទាំងស្រុងរបស់កញ្ញា ទេព បូព្រឹក្ស ត្រូវបានចំណាយថវិកាប្រមាណ ៦០០ លានរៀល ស្មើរនឹងសាច់ប្រាក់ដុល្លារដល់ទៅជិត ១៥ ម៉ឺនដុល្លារឯណោះ ហើយចំណុចនេះដែរ ក៏មានមហាជនជាច្រើនកាន់តែអន្ទះសាចង់ឃើញ MV ពេញទាំងស្រុងយ៉ាងខ្លាំង ព្រមទាំងមានចម្ងល់ទៀតថា តើទឹកប្រាក់ ៦០០ លានរៀល នោះកញ្ញា ទេព បូព្រឹក្ស ចំណាយអ្វីច្រើនយ៉ាងនេះ?
ឆ្លើយតបទៅនឹងចម្ងល់ ដោយមានមហាជនខ្លះជឿ និង ខ្លះមិនជឿពីចំនួនទឹកប្រាក់ចំណាយ ស្រាប់តែលោក Athika ដែលគេបានស្គាល់ថាជា Infulencer ដ៏ល្បីឈ្មោះ ព្រមទាំងជាក្រុមការងារក្នុងការផលិត MV «វីរនារី» បានចេញមុខមកបញ្ជាក់ច្បាស់ៗថា ការចំណាយដល់ទៅជិត ១៥ ម៉ឺនដុល្លារ នោះគឺពិតប្រាកដមែន ហើយប្រាក់នោះដែរ គឺកញ្ញា ទេព បូព្រឹក្ស បានសម្រេចយកឡានរបស់ខ្លួនទៅលក់ទៀតផង។
ក្នុងសារយ៉ាងវែង ដែលលោក Athika បានសង្កត់ធ្ងន់ខ្លាំងលើការចំណាយប្រាក់នោះ លោកបានលម្អិតថា ៖ «…ដូចអ្នកទាំងអស់គ្នាបានដឹងតៗគ្នាថា MV មួយនេះចំណាយអស់រហូតដល់ ៦០០ លានរៀល ខ្ញុំចង់បញ្ជាក់ថានេះគឺជារឿងពិត! ថ្ងៃដែល ចែព្រឹក្ស យកឡានទៅលក់ដើម្បីយកថវិកាផ្ទាល់ខ្លួនមកធ្វើ MV នេះ ខ្ញុំក៏បានទៅជាមួយគាត់ដែរ។ ការលះបង់ថវិកាផ្ទាល់ខ្លួនសម្រាប់គាត់ ខ្ញុំគិតថាវាមិនមែនជារឿងធំសម្រាប់គាត់នោះទេ ប៉ុន្តែមនសិការក្នុងការបង្កើត MV ដែលតំណាងឱ្យប្រជាជាតិយើងទាំងមូលគឺជារឿងយើងមិនអាចមើលរំលងបាន។ គម្រោងធ្វើបទមួយ ដែលតំណាងឱ្យប្រទេសយើង គឺមានក្នុងចិត្តគាត់តាំងពី ២ ឆ្នាំមុន ហើយ Project MV នេះត្រូវបានដំឡើងរយៈពេល ២ ខែ ជាមួយក្រុមការងារសរុប ១២៦ នាក់ (ក្រុមការងារគ្រប់ផ្នែកសុទ្ធតែសំខាន់)…»។
លោក Athika បានបន្ថែមទៀតថា ៖ «…មកនិយាយពីឈុតនៅក្នុង MV ម្តង! ឈុតដែលគាត់ឈរក្នុងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក មើលហើយ គឺព្រឺសម្បុរតែម្តង។ សម្រាប់ខ្ញុំមើលទៅវាពិតជាអស្ចារ្យណាស់ ឈុតនេះក្រុមការងារបានតម្លើងជារូបរាងប្រាសាទព្រះវិហារ មើលហើយ គឺមិនសរសើរមិនបានទេ! ឈុតចម្បាំង បើអ្នកទាំងអស់គ្នាមើលយឺតៗ អ្នកទាំងអស់គ្នា នឹងឃើញតួដែលស្លៀកពាក់ឈុតខ្មៅ បានធ្វើសឹកសង្រ្គាមជាមួយតួមេទ័ពស្រីជាច្រើន ហើយចុងក្រោយ គឺទ័ពស្រីរបស់យើងបានយកជ័យជំនះលើសឹកសង្រ្គាមមួយនេះ ឈុតនេះផ្នែក Set Designer បានធ្វើដេគ័រជាភ្នំតែម្តង និង ឈុតមេទ័ពស្រីដទៃទៀតក៏ត្រូវបានធ្វើតាមក្បួនច្បាប់ដើម ឈុតនេះ គឺដុតភ្លើងពេញ studio តែម្តង! នៅមានឈុតអស្ចារ្យជាច្រើនទៀត ដែលអ្នកទាំងអស់គ្នានឹងឃើញក្នុង MV ពេញ នាពេលខាងមុខនេះ!…»។
ក្រោយពីបានអានសាររបស់លោក Athika ហើយ មហាជនអ្នកគាំទ្រជាច្រើន កាន់តែនៅមិនសុខ ទប់ជើងមិននឹងនោះឡើយ គឺកាន់តែចង់ឃើញទិដ្ឋភាព រូបភាព ទាំងស្រុងនៃ MV ដែលមានការចំណាយប្រាក់ដោយការលះបង់របស់កញ្ញា ទេព បូព្រឹក្ស ព្រមទាំងក្រុមការងារដល់ទៅ ១២៦ នាក់នោះ៕