ចេញច្រៀង ៥ ឆ្នាំ ទីបំផុត Chungha ដោះបំណុលគេខ្ទេសអស់ ហើយចង់ធ្វើរឿងនេះជូនម្តាយទៀត
Chungha អតីតសមាជិកក្រុមចម្រៀងនារី I.O.I បច្ចុប្បន្នជាតារាចម្រៀងទោលមានប្រជាប្រិយភាព បានទម្លាយរឿងរ៉ាវពាក់ព័ន្ធបំណុលកាលជា Trainee ឱ្យដឹងថា ថ្មីៗនេះនាងបានដោះបំណុលទាំងនោះរួចរាល់ហើយ។
ស្រីតូចច្រឡឹងវ័យ ២៥ ឆ្នាំ រូបនេះបានទម្លាយឱ្យដឹងថា ៖ «ក្រោយទទួលបានកេរ្តិ៍ឈ្មោះ និង ពានរង្វាន់ នាងខ្ញុំបានដោះបំណុលដែលជំពាក់ក្រុមហ៊ុនរួចរាល់ លើសពីនេះបំណុលក្រុមគ្រួសារខ្ញុំ ក៏ខ្ញុំបានសងជំនួសពួកគាត់រួចហើយអស់ដែរ។ បច្ចុប្បន្ននេះនាងខ្ញុំទទួលបានប្រាក់ប្រចាំខែចំនួន ៥០ ម៉ឺនវ៉ុន (ប្រមាណជាង ៤៥០ ដុល្លារ) ដោយនាងខ្ញុំពុំសូវប្រើប្រាស់វានោះឡើយ ព្រោះមិនសូវមានពេល ដោយភាគច្រើនទុកសម្រាប់ពេលចេញញ៉ាំអីពេលល្ងាចជាមួយបងៗក្រុមរាំ និង ចំណាយពេលខ្ញុំទៅកាហ្វេម្តងម្កាលប៉ុណ្ណោះ»។
«ខ្ញុំបានឱ្យប្រាក់មួយចំនួនទៅម្តាយខ្ញុំ តែគាត់បានបដិសេធ ដោយគាត់និយាយថាគាត់មិនចង់បាន ឬ មិនចង់ចាយលុយកូននោះឡើយ បើទោះបីជាខ្ញុំទទូចជាច្រើនដងក្តី។ ក្នុងថ្ងៃបុណ្យណូអែលខាងមុខនេះ ខ្ញុំចង់ទិញកាបូបល្អមួយឱ្យគាត់ ព្រោះបច្ចុប្បន្ននេះគឺគាត់នៅប្រើប្រាស់កាបូបអេកូ នៅឡើយទេ ខ្ញុំចង់ឱ្យគាត់មានរបស់ល្អប្រើ»។
«លើសពីនេះទៅទៀត ម្តាយខ្ញុំធ្លាប់និយាយប្រាប់ខ្ញុំថាគាត់ចង់ធ្វើដំណើរកម្សាន្ត ហេតុដូចនេះប្រសិនបើនាងខ្ញុំមានពេលទំនេរពីការងារ នាងខ្ញុំចង់រៀបចំដំណើរកម្សាន្តមួយជូនក្រុមគ្រួសារ ហើយពួកយើងអាចចំណាយពេលត្រឹមទឹកក្តៅជាមួយគ្នា ហើយសម្រាក និង ដើរកម្សាន្តជាមួយគ្នា»៕
ប្រភព៖ Koreaboo