មុនរៀបការ កំពូលតួស្រីហុងកុង Linda Chung ធ្លាប់ជំពប់ស្នេហ៍នឹងបុរសង្ហារូបនេះ ៨ ឆ្នាំ
តារាសម្ដែង Linda Chung ដែលប្រិយមិត្តកម្ពុជាភាគច្រើនស្គាល់នាងថាជាតួ «សំណាងល្អ» នោះគឺជាតារាស្រីម្នាក់មិនត្រឹមតែមានរូបរាង និង មុខមាត់ស្រស់ស្អាតមានមន្តស្នេហ៍ប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាតារាស្រីមួយរូបមានទេពកោសល្យសម្ដែងយ៉ាងល្អថែមទៀតផង។
បច្ចុប្បន្ន Linda Chung គឺមិននៅខ្លួនមួយទៀតនោះឡើយ គឺនាងបានរៀបការប្ដី និង មានកូនចំនួន ២ នាក់ហើយដែរ។ ស្វាមីរបស់នាងឈ្មោះ Jeremy ដែលមានវ័យបងនាងរហូតដល់ ១២ ឆ្នាំ តែទោះជាយ៉ាងណា អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ Linda និង ស្វាមីរបស់នាង គឺស្រឡាញ់គ្នា យល់ចិត្តគ្នាខ្លាំង មិនដែលធ្លាប់លេចឮព័ត៌មានណាថាពួកគេធ្លាប់មានទំនាស់ទាស់ទែងនឹងគ្នាម្ដងនោះឡើយ។
ដោយឡែក បើងាកទៅមើលកាលពីអតីតកាល មុនស្វែងរកគូជីវិតឃើញ តារាសម្ដែងស្រីវ័យ ៣៧ ឆ្នាំរូបនេះ ក៏ធ្លាប់បានជំពប់ស្នេហ៍នឹងបុរសជាអ្នករួមអាជីពសម្ដែងនឹងគ្នាម្នាក់ផងដែរ។ កាលពីឆ្នាំ ២០០៧ តារាសម្ដែង Linda បានចាប់ផ្ដើមទាក់ទងស្នេហាគ្នាជាមួយតារាសម្ដែង Philip Ng ដែលទំនាក់ទំនងរបស់ពួកគេកើតមានឡើង ក្រោយថតភាពយន្ត «Love is Not All Around» ជាមួយគ្នា។
ទោះជាយ៉ាងណា ទំនាក់ទំនងរបស់ពួកគេទាំង ២ គឺទទួលរងពាក្យរិះគន់ច្រើនជាងពាក្យជូនពរ ដោយសារតែភាពខុសគ្នារវាងកម្រិតប្រាក់ចំណូលរបស់អ្នកទាំង ២។ តាមប្រភពមួយបានទម្លាយថា នៅពេល Linda និង Philip ចាប់ផ្ដើមទាក់ទងគ្នា ក្រុមគ្រួសាររបស់នាងគឺប្រឆាំងដាច់ខាតមិនឱ្យទាក់ទងគ្នាឡើយ។ លើសពីនេះទៀតនោះ សូម្បីតែក្រុមហ៊ុនរបស់នាង ក៏បានព្រមាននាងថា Philip អាចទាញនាងទម្លាក់ពីអាជីពរបស់ខ្លួនទៀតផង។
ទំនាក់ទំនងស្នេហារវាង Linda និង Philip គឺជួបប្រទះបញ្ហា និង សម្ពាធរយៈពេលជាច្រើនឆ្នាំ។ អំឡុងពេលទាក់ទងគ្នានោះ Linda បានលះបង់ការងារ និង ទំនាក់ទំនងនាងជាមួយក្រុមហ៊ុន TVB តែទោះជាយ៉ាងណា ក្រោយមកនាងក៏មានអារម្មណ៍ថានាងគួរតែគិតផ្តោតលើការងាររបស់នាងជាធំ។ អស់រយៈពេល ៨ ឆ្នាំ ចំណងស្នេហ៍រវាងនាង និង Philip កាន់តែលែងទៅមុខ ពួកគេចាប់ផ្ដើមមានអារម្មណ៍មិនល្អនឹងគ្នា ហើយតែងឈ្លោះទាស់ទែងគ្នាញឹកញាប់។
Linda ចាប់ផ្ដើមយល់ថា នាងកាន់តែចាស់ទុំជាងមុន ហើយនាងមិនចង់ខាតពេលវេលារង់ចាំអាជីពរបស់ Philip ឱ្យកែប្រែកាន់តែល្អជាងមុនទៀតនោះទេ។ នាងមានអារម្មណ៍ថា អនាគតរបស់ពួកគេគឺមិនអាចទៅមុខរួចឡើយ ហើយក៏សម្រេចជ្រើសយកផ្លូវបែកតែម្ដង។ មកទល់បច្ចុប្បន្ន ទោះបីជាលែងមានទំនាក់ទំនងអ្វីនឹងគ្នាទៀតក៏ពិតមែន ហើយ Linda ក៏មានគ្រួសាររបស់នាងទៀតនោះ ពួកគេនៅតែរាប់អានគ្នាជាមិត្តធម្មតា មិនមានការក្នក់ចិត្តនឹងគ្នាអ្វីនោះឡើយ៕
ប្រភព៖ Jayne Stars