Taeyeon សឹងស្ទះខ្យល់ ជឿគេស្មានថាដីនៅតំបន់ល្អ ខំទៅទិញអស់ជិត ១ លានដុល្លារ តាមពិតជាដីភ្នំរបស់រដ្ឋ
ថ្មីៗនេះ តារាស្រី Taeyeon សមាជិកក្រុមចម្រៀងនារីកូរ៉េ Girls’ Generation ត្រូវបានគេដឹងថា នាងក៏បានក្លាយជាជនរងគ្រោះម្នាក់ ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀតផងដែរ ក្នុងហេតុការណ៍អាស្រូវឆបោកពីក្រុមហ៊ុនអចលនទ្រព្យមួយ ដែលធ្វើឱ្យនាងខាតលុយផ្ទាល់ខ្លួនមិនតិចនោះទេ។
តាមព័ត៌មានបានឱ្យដឹងថា តារាស្រី Taeyeon បានទិញដីមួយកន្លែងនៅតំបន់ Hanam ខេត្ត Gyeonggi នៅឆ្នាំ ២០១៩ ពីក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយ ក្នុងតម្លៃជាង ៩៣៨ ០០០ ដុល្លារ។ ផ្ទុយទៅវិញ ដីដែលនាងបានទិញនោះ គឺស្ថិតនៅក្នុងតំបន់ភ្នំ ដែលត្រូវបានគេដឹងថា មិនសមរម្យសម្រាប់ការអភិវឌ្ឍទៅជាកន្លែងរស់នៅតាមនោះទេ ពោលគឺប្រើប្រាស់បានសម្រាប់តែការងារយោធាទាហាន និង ការងាររបស់រដ្ឋផ្សេងៗប៉ុណ្ណោះ។
លើសពីនេះទៅទៀត ក្រោមច្បាប់អភិរក្សព្រៃឈើ ដីនៅតំបន់នោះ ពិតជាមិនអាចអភិវឌ្ឍបានឡើយ ព្រោះវាជាតំបន់ដែលស្ថិតក្រោមការពារ។ យ៉ាងណាមិញ តាមការស៊ើបអង្កេតរបស់ប៉ូលិសបានឱ្យដឹងថា ក្រុមហ៊ុនអចលនទ្រព្យមួយនោះ បានទិញដីនេះក្នុងតម្លៃត្រឹម ៣៤១ ០០០ ដុល្លារប៉ុណ្ណោះ ហើយ ៣ ខែបន្ទាប់ពីការទិញរួច គេបានមកលក់ឱ្យតារាស្រីក្នុងតម្លៃរហូតដល់ ៩៣៨ ០០០ ដុល្លារឯណោះ។ ជាងនេះទៅទៀត គេបានបំបែកដីតំបន់នោះ លក់ទៅឱ្យមនុស្សជាង ៣ ០០០ នាក់ផ្សេងទៀត ដោយបានបោកប្រាស់កុហកពួកគេថា ដីទាំងនេះ ស្ថិតក្នុងតំបន់បម្រុងអភិវឌ្ឍន៍។
យ៉ាងណាមិញ ក្រុមហ៊ុនផលិតកម្ម SM បានបដិសេធ មិនបកស្រាយបញ្ចេញមតិណាមួយជុំវិញរឿងនេះនោះទេ ដោយបានអះអាងថា នេះគឺជារឿងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ Taeyeon ហើយពួកគេនឹងមិនលូកដៃឡើយ៕