ខួបកំណើតចំថ្ងៃតែមួយ Aff និង Sririta ត្រូវមនុស្សជាទីស្រឡាញ់ធ្វើរឿងនេះឱ្យ រំភើបស្ទើរទឹកភ្នែក
អាចចាត់ទុកថាជារឿងនិស្ស័យសម្រាប់កំពូលតារាស្រីរូបស្រស់ ២ ដួង Aff Tasaorn និង Sririta Jensen ដែលអ្នកទាំងពីរមិនត្រឹមតែជាមិត្តរួមអាជីពជាអ្នកសិល្បៈជាមួយគ្នានោះទេ សូម្បីថ្ងៃកំណើតកើតរបស់អ្នកទាំងពីរក៏កើតចំថ្ងៃតែមួយដែរ។ ជាក់ស្តែង នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ត្រូវជាថ្ងៃកំណើតរបស់អ្នកទាំងពីរ បើទោះបីអ្នកទាំងពីរមិនបានរៀបចំពិធីធំដុំ តែហោចណាស់បានជួបជុំគ្រួសារយ៉ាងមានក្តីសុខដែរ។
បើនិយាយចំពោះតារាស្រី Sririta Jensen ក្នុងថ្ងៃកំណើត នាងមិនបានរៀបចំពិធីធំដុំនោះទេ តែនាងក៏មានក្តីសុខខ្លាំងជាមួយគ្រួសារ ជាពិសេសនាងទទួលបានពាក្យជូនពរពីស្វាមីជាទីស្រឡាញ់របស់នាងយ៉ាងផ្អែមល្ហែមថា ៖ «រីករាយថ្ងៃខួបកំណើត ប្រពន្ធជាទីស្រឡាញ់ សូមជូនពរឱ្យអូនមានក្តីសុខ មានអ្នកស្រឡាញ់ចូលចិត្តច្រើន ជាមនុស្សស្រីដែលស្រស់បំព្រងបែបនេះរាល់ថ្ងៃ ហើយអូនជាមនុស្សស្រីដែលបងស្រឡាញ់ជាគេក្នុងលោក អូនកាន់តែក្មេងជាងមុនទៅទៀត ពេលមានកូនហើយ»។
ដោយឡែក តារាស្រី Aff Tasaorn បើទោះបីជាគ្មានស្វាមីនៅក្បែរក្នុងថ្ងៃពិសេសដូចតារាស្រី Sririta តែនាងក៏មានគ្រួសារដែលរង់ចាំផ្តល់ក្តីស្រឡាញ់ឱ្យនាង។ ជាកស្តែង ក្នុងថ្ងៃពិសេសនាង គឺមានកូនស្រីសំណព្វចិត្តម្នាក់របស់នាងបានផ្តល់នូវកាដូរូបភាពគ្រួសារ គូរដោយផ្ទាល់ដៃជូនដល់ម្តាយជាពិសេសផងដែរ។ មិនតែប៉ុណ្ណោះ ក៏មានបណ្តាអ្នកគាំទ្រ ក៏ដូចជាមិត្តសិល្បៈចូលរួមជូនពរនាងជាច្រើនថែមទៀត៕
ប្រភព៖ khaosod , daradaily