ហេតុតែចូលចិត្តកាហ្វេ! Moses Chan បានចែករំលែកអារម្មណ៍ពិត ប្រៀបធៀបជីវិត និង កាហ្វេ
តារាសម្ដែងហុងកុងឆ្នើមប្រចាំ TVB លោក Moses Chan បើនិយាយចំពោះលោក កាហ្វេគឺត្រូវបានលោកស្គាល់ពីរសជាតិយ៉ាងច្បាស់ រហូតដល់លោកមានរហស្សនាមថា «Coffee Prince»។
កាលពីពេលកន្លងទៅ តារាសម្ដែងប្រុសវ័យ ៥០ ឆ្នាំរូបនេះ បានប្រៀបធៀបជីវិតទៅនឹងការឆុងកាហ្វេ ដោយបានលើកទឹកចិត្តយុវជន ឱ្យបន្តការព្យាយាម រៀនពីភាពបរាជ័យ និង ដើម្បីរក្សាទំនាក់ទំនងគ្រួសារ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់គាត់ទៅកាន់ភោជនីយដ្ឋាន Café Rehapuccino ក្នុងវគ្គបណ្តុះបណ្តាល។
ក្នុងវីដេអូនោះ បានបង្ហាញអំពីសកម្មភាពឆុងកាហ្វេរបស់លោក Moses Chan និង ចែករំលែកអំពីបទពិសោធរបស់គាត់។ មិនតែប៉ុណ្ណោះ លោកថែមទាំងនិយាយថា ៖ «ការមានសតិសម្បជញ្ញៈ បន្តការព្យាយាម និង យល់ថាការបរាជ័យមិនមែនជាលទ្ធផលនោះទេ ប៉ុន្តែបទពិសោធគឺចាំបាច់ក្នុងការបង្កើតកាហ្វេមួយពែងដ៏ល្អឥតខ្ចោះ ដូចពួកយើងនៅក្នុងជីវិតប្រចាំថ្ងៃ»។
ជាមួយគ្នានោះដែរ តារាសម្ដែងជើងចាស់រូបនេះ ក៏បានចែករំលែកពីអារម្មណ៍របស់គាត់ក្នុងនាមជាឪពុក បង្ហាញពីក្តីសង្ឃឹមថា យុវជនអាចផ្តល់ការស្រឡាញ់ដល់ក្រុមគ្រួសារ ដើម្បីរក្សាទំនាក់ទំនងល្អ និង ឆ្លងកាត់ការលំបាកជាមួយគ្នា៕