ទោះមានលុយវាល់លាន តែថៅកែពេជ្រ ទ្រី ដាណា សាមញ្ញបំផុត ស្លៀកពាក់ខោអាវរាល់ថ្ងៃ ថ្លៃ ៧ ទៅ ៨ ពាន់ អស់ធំ ៨ ម៉ឺនរៀល
ថ្មីៗនេះ ថៅកែពេជ្រ ទ្រី ដាណា បានធ្វើការបង្ហោះសារលើបណ្ដាញសង្គម ដោយបានលើកយករឿងពីជីវិតឯកជនរបស់លោកស្រី ចែកជូនដល់មហាជនអ្នកគាំទ្រលើបណ្ដាញសង្គមបានដឹង ដោយលោកស្រី បានទម្លាយប្រាប់ពីតម្លៃសម្លៀកបំពាក់ដែលលោកស្រីស្លៀកពាក់ប្រចាំថ្ងៃ ដើម្បីជាការឆ្លើយតបទៅនឹងចម្ងល់របស់មហាជនជាច្រើនសួរទៅកាន់លោកស្រីកន្លងមក ដែលមានមតិជាច្រើនលើកឡើងថា សម្លៀកបំពាក់ដែលលោកស្រីស្លៀកពាក់រាល់ថ្ងៃប្រហែលមានតម្លៃថ្លៃខ្លាំងហើយ។
ក្នុងនោះ ថៅកែស្រីប្រាក់វាល់លានដុល្លាររូបនេះ បានទម្លាយឱ្យដឹងថា ទោះបីជា លោកស្រីជាថៅហាងមាសពេជ្រ និង ជាអ្នកជំនួញដ៏ជោគជ័យពិតមែន ប៉ុន្តែចំពោះសម្លៀកបំពាក់របស់លោកស្រី ស្លៀករាល់ថ្ងៃ គឺមានតម្លៃថោកៗ មិនមែនជារបស់ប្រ៊េនៗអីនោះទេ ពីព្រោះលោកស្រីមិនចង់ចំណាយលុយច្រើនលើការស្លៀកពាក់ប្រ៊េនៗ សុខចិត្តទុកលុយដែលទិញសម្លៀកបំពាក់ប្រ៊េនៗនេះ ទៅជួយអ្នកក្រលំបាកវិញល្អជាង។
នេះបើតាមការបង្ហោះសាររបស់ថៅកែស្រីរូបនេះ បាននិយាយរៀបរាប់បែបនេះថា ៖ «សូមប្រាប់រឿងពិតមួយណាបងប្អូន កុំឃើញអ្នកមានលុយអ្នកលក់មាសពេជ្រ និង អ្នកជំនួញពូកែអីណានោះ តាមការពិត ចែ ដាណា ជម្រាបបន្តិចថា សម្លៀកបំពាក់ដែល ចែ ដាណា ពាក់រាល់ថ្ងៃ តម្លៃ ៧០០០ រៀល ៨០០០ រៀលទៅ ៨ ម៉ឺនរៀលអីអស់ហើយ មិនដែលចំណាយលុយទិញរបស់ប្រ៊េនៗ ឬសម្លៀកបំពាក់ប្រ៊េនអីទេ តាំងតែពីដើមមករហូតដល់ពេលនេះ»។
លើសពីនេះ លោកស្រី ទ្រី ដាណា ក៏បានបន្តទៀតថា ៖«ព្រោះ ចែ ដាណា ស្តាយលុយ និង គិតថាមិនចង់ចំណាយអីឱ្យអស់ច្រើនលើការស្លៀកពាក់នោះឡើយ មើលតែមួយឈុតនេះចុះ អាវតម្លៃ ៧០០០ រៀល ខោតម្លៃ ៤៥០០០ រៀលតែប៉ុណ្ណោះ មិនមែនគ្មានលុយទិញខោអាវប្រ៊េនដូចគេទេ តែចង់ទុកលុយដែលទិញអាវខោប្រ៊េននោះជួយអ្នកក្រល្អជាង តែមានអ្នកខ្លះសួរខ្ញុំច្រើនមែនទែនឃើញសម្លៀកបំពាក់ដែលខ្ញុំស្លៀកពាក់កន្លងមកប្រហែលថាខ្ញុំទិញថ្លៃហើយ ថ្ងៃនេះមកជំរាបឱ្យដឹងថា សម្លៀកបំពាក់ខ្ញុំ ពេលខ្លះខ្ញុំទិញផ្សារអូឫស្សី ផ្សារថ្មី និង តាមអនឡាញ ហើយចង់ជម្រាបប្រាប់ថា ទោះសម្លៀកបំពាក់ខ្ញុំមិនថ្លៃ ប៉ុន្តែខ្ញុំមានក្តីសុខក្នុងការស្លៀកពាក់ ហើយពេលដែលខ្ញុំស្លៀកសម្លៀកបំពាក់មិនថ្លៃមិនប្រ៊េន តែខ្ញុំមានលុយពេញហោប៉ៅរបស់ខ្ញុំ ពេលដែលខ្ញុំចេញដើរ ខ្ញុំសុខចិត្តជ្រើសរើសយកសម្លៀកបំពាក់ថោក ប៉ុន្តែលុយចាយពេញដៃ ខ្ញុំមិនជ្រើសរើសយកសម្លៀកបំពាក់ថ្លៃ ប៉ុន្តែពេលចេញដើរគ្មានលុយចាយនោះទេ»៕