អីយ៉ាស់! Angelina បង្ហាញភាពអឹមអៀមឆ្លើយបង្វែងដាន ពេលសួរពាក់ព័ន្ធនឹងប្រុសក្មេង The Weeknd
កាលពីពេលថ្មីៗកន្លងទៅនេះ តារាសម្ដែង Angelina Jolie បានបង្ហាញវត្តមានក្នុងការផ្សព្វផ្សាយខ្សែភាពយន្តថ្មីរបស់នាង «Eternals» ជាមួយមិត្តរួមការងារ Salma Hayek ក្នុងកម្មវិធី E!’s Daily Pop។
នៅពេលនោះដែរ Angelina បានជួបនឹងសំណួរដ៏ភ្ញាក់ផ្អើលមួយ ដែលចោទសួរពាក់ព័ន្ធនឹងទំនាក់ទំនងរវាងនាង និង តារាចម្រៀង The Weeknd ដែលកាលកន្លងមក ធ្លាប់ឃើញចេញក្រៅជាមួយគ្នាជាច្រើនដងនោះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះ ជាជាងបញ្ជាក់ឱ្យកាន់តែច្បាស់រវាងទំនាក់ទំនងពួកគេទាំង ២ តារាស្រី Angelina បែរជាគេចវេសបង្វែងដាន ធ្វើមិនចាប់អារម្មណ៍ទៅវិញ។
ក្នុងកម្មវិធីនោះ តារាស្រី Angelina ត្រូវបានពិធីករប្រុស Justin Sylvester ចោទសួរថា ៖ «តើកូនៗរបស់នាង រំភើបរីករាយពេលណាជាងគេ រវាងវត្តមានសម្ដែងក្នុងរឿង «Eternals» របស់នាង និង ទំនាក់ទំនងនាងជាមួយ The Weeknd?»។ ជាមួយទឹកមុខអឹមអៀនស្ទាក់ស្ទើរ Angelina បានឆ្លើយតបវិញថា ៖ «ពួកគេរំភើបរីករាយបំផុតជាមួយភាពយន្តថ្មីនេះ លោកចង់សួរបែបនេះមែនទេ?»។
គួររំឭកថា តារាសម្ដែង Angelina Jolie ត្រូវបានប្រទះឃើញចេញក្រៅញ៉ាំអាហារជាមួយ The Weeknd ជាច្រើនដងក្នុងឆ្នាំ ២០២១ នេះ។ ថ្លែងបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេ កាលពីខែមុន ប្រភពមួយបានប្រាប់ US Weekly ថា ពួកគេទាំង ២ គឺត្រឹមជាមិត្តភក្តិប៉ុណ្ណោះ ប៉ុន្តែចំពោះភ្នែកមហាជន អ្នកគាំទ្រជាច្រើន គឺនៅតែសង្ស័យថា ទំនាក់ទំនងរវាងតារាលំដាប់ទាំង ២ រូបនេះគឺលើសពីមិត្តភក្តិធម្មតា៕
ប្រភព៖ Dailymail