មុនសាងគ្រួសារនឹង Tavia Yeung តួប្រុសរឿង «បេសកកម្មគ្រូពេទ្យសង្គ្រោះបន្ទាន់» ធ្លាប់ជំពាក់ជំពិននឹងតារាស្រីរូបនេះ
បើនិយាយពីគូស្នេហ៍តារាប្រចាំទូរទស្សន៍ TVB តារាសម្ដែង Him Law និង Tavia Yeung ប្រិយមិត្តអ្នកតាមដានទស្សនាប្រាកដណាស់ជាធ្លាប់លួចច្រណែន និង សរសើរចំពោះចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរ។
តារាសម្ដែង Him Law និង Tavia Yeung បានចាប់ផ្ដើមមានចិត្តលើគ្នា ក្រោយការសម្ដែងរួមគ្នាក្នុងខ្សែភាពយន្តរឿង «The Hippocratic Crush» ឬ ភាសាខ្មែរឱ្យចំណងជើងថា «បេសកកម្មគ្រូពេទ្យសង្គ្រោះបន្ទាន់»។ បើទោះបីជា Him Law មានវ័យប្អូន Tavia ៥ ឆ្នាំក៏ពិតមែន ប៉ុន្តែចំណងស្នេហ៍រវាងអ្នកទាំង ២ គឺមានភាពរឹងមាំ និង យល់ចិត្តគ្នាខ្លាំងរហូតសម្រេចចិត្តចាប់ដៃគ្នាកសាងគ្រួសារ ។
ទោះជាយ៉ាងណា បើក្រឡេកទៅមើលពីអតីតកាលរបស់តារាប្រុសវ័យ ៣៧ ឆ្នាំរូបនេះ ក៏ធ្លាប់បានជំពប់ស្នេហ៍នឹងនារីក្នុងវ័យសិល្បៈម្នាក់ផងដែរ។ កាលពីខែមករា ឆ្នាំ ២០១០ តារាសម្ដែង Him Law បានចាប់ផ្ដើមទាក់ទងគ្នានឹងតារាចម្រៀង Theresa Fu។ ចំណងស្នេហ៍រវាងអ្នកទាំងពីរ ដំបូងឡើយគឺយល់ចិត្តគ្នា ពោរពេញដោយភាពផ្អែមល្ហែមបំផុត។ រហូតមកដល់ខែធ្នូ ក្នុងឆ្នាំដដែល ស្រាប់តែកើតមានរឿងរ៉ាវចម្រូងចម្រាសកើតមានឡើង ដោយខាងស្រីបានចោទលោក Him ថាបោកប្រាស់នាង លួចទាក់ទងនឹងស្រីផ្សេង។ ពេលនោះហើយ នាង Theresa បានទម្លាយថា រូបនាងបានផ្ដាច់ចំណងស្នេហ៍នឹងលោក Him។
តាមការចេញផ្សាយពីសារព័ត៌មានជាច្រើននៅពេលនោះ លោក Him ត្រូវបានឱ្យដឹងថា បានព្យាយាមអង្វរកអតីតមិត្តស្រីសុំត្រូវរ៉ូវនឹងគ្នាវិញ និង សន្យានឹងមិនធ្វើឱ្យនាងខូចចិត្តទៀតឡើយ។ រហូតមកដល់ខែមេសា ឆ្នាំ ២០១១ ការសុំអង្វរករបស់ Him ក៏បានសម្រេច ពួកគេទាំងពីរក៏បានផ្សះផ្សាចំណងស្នេហ៍សាជាថ្មី។
ការត្រូវរ៉ូវគ្នាវិញលើកនេះ អាចថានៅតែមិនសមប្រកបដដែល ដោយនាង Theresa ចាប់ផ្ដើមសង្ស័យថាសង្សាររបស់នាង កំពុងផិតក្បត់នាងជាថ្មី ដោយសារតែមានលេខទូរស័ព្ទចម្លែកទាក់ទងមកលោកឥតដាច់។ ចំណងស្នេហ៍របស់អ្នកទាំងពីរប្រែជាអាក្រក់ និង ឈានទៅមុខលែងរួច រហូតបង្កជាហិង្សាថែមទៀត។
រឿងរ៉ាវជម្លោះវាយដំរវាង Him Law និង អតីតសង្សារគឺផ្ទុះការចាប់អារម្មណ៍ខ្លាំងណាស់នាពេលនោះ រហូត Him Law ត្រូវចេញមុខធ្វើសន្និសីទកាសែតសុំទោសអ្នកគាំទ្រ ដោយលោកទទួលស្គាល់ថាបានធ្វើឱ្យ Theresa របួសពិតមែន ប៉ុន្តែលោកបានបដិសេធថា មិនបានវាយដំនាងខ្លាំងក្លាដូចការចោទប្រកាន់នោះឡើយ៕
ប្រភព៖ Jayne Stars