Tin Mark ទម្លាយទាំងស្លុតចិត្ត កុំតែបាននារីម្នាក់នេះ និង ម្ចាស់បំណុល កុំអីលោកត្រូវគេរុំស្បោងបាត់ហើយ
កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក និង មិត្តសិល្បករជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងរបស់អ្នកនិពន្ធទំនុកច្រៀងបទ «ស៊ូឃ្លាត» លោក Tin Mark ឆ្លងជំងឺកូវីដ-១៩ កម្រិតធ្ងន់ បណ្តាលឱ្យស៊ីសួតស្ទើរពាក់កណ្តាល និង កំពុងតែខ្វះខាតប្រាក់កាសក្នុងការព្យាបាល។
តាមការចែករំលែកដំណឹង លោក Tin Mark កំពុងតែព្យាបាលនៅឯមន្ទីរពេទ្យឯកជនមួយ ដែលត្រូវចំណាយណាស់ប្រមាណ ១ ២០០ ដុល្លារ ក្នុងមួយថ្ងៃ ជាហេតុធ្វើឱ្យលោកខ្វះខាតក្នុងការចំណាយ ក៏ព្រោះតែរយៈពេល ៨ ខែមកហើយ ដែលលោកមិនទទួលបានចំណូលពីការងារសិល្បៈសោះ។
ដោយឡែក នៅថ្ងៃដដែល លោក Tin Mark ក៏បានបង្ហោះសារ នៅលើគណនីហ្វេសប៊ុករបស់លោកផ្ទាល់ថា ព្រោះតែការចំណាយច្រើនសន្ធឹកបែបនេះ ទើបធ្វើឱ្យលោកបានខ្ចីលុយគេមកព្យាបាលជំងឺ។ លើសពីនោះ លោកក៏បានអរគុណដល់នារីម្នាក់ ព្រមទាំងម្ចាស់បំណុលទាំងអស់ ដែលបានជួយដល់លោកនៅពេលលោកកំពុងជួបទុក្ខលំបាកនេះ។
ជាងនេះទៅទៀត លោក Tin Mark ក៏បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលធ្វើឱ្យលោកកើតជំងឺកូវីដ-១៩ ឈានដល់កម្រិតធ្ងន់ថ្នាក់នេះ ព្រោះលោកធ្វេសប្រហែសនឹងវា ដោយលោកបានបញ្ជាក់លម្អិតដូច្នេះថា ៖ «ជីវិតមួយនេះរើសបានមកវិញមិនមែនដោយសាចៃដន្យនោះទេ ពីព្រោះតែក្មេងស្រីម្នាក់នេះហើយដែលគាត់មានការសម្រេចចិត្តខ្ពស់មិនស្ទាក់ស្ទើរ កុំអីពេលនេះរូបកាយរបស់ខ្ញុំត្រូវបានរុំក្នុងស្បោងប្លាស្ទីក និង ពាក្យ RiP ពេញ wall Facebook បាត់ទៅហើយ។
ជីវិតយកបានមកវិញ បើទោះជាជំពាក់គេជុំទិស យើងនឹងប្រឹងសងបន្តិចម្តងបន្តិចម្តងដល់បងប្អូន ដែលបានឱ្យខ្ចីសង្គ្រោះជីវិតមួយនេះបានមកវិញ។ ខ្ញុំមានតែពាក្យអរគុណ ដល់បេះដូងក្មេងស្រីម្នាក់នេះ ដែលគាត់សម្រេចចិត្តមិនបោះបង់ខ្ញុំ និង អរគុណដល់បងប្អូនទាំងអស់ដែលផ្តល់កម្លាំងចិត្តដល់ខ្ញុំ ឱ្យក្រោកពីឋាននរកមកវិញ។ សូមបងប្អូនកុំលេងសើចជាមួយ COVID ឱ្យសោះ! បើតេស្តដឹងឆាប់រកពេទ្យភ្លាម កុំឱ្យលង់ដូចខ្ញុំពេលនេះ បិះអស់ទាំងជីវិតជុំពាក់គេជុំទិស»៕