Taew ខ្ជិលលាក់ទៀត ចេញមុខបញ្ជាក់ច្បាស់ៗ ក្រោយធ្លាយដំណឹងថារៀបការនឹង Pranai នៅចុងឆ្នាំ
ជារឿយៗ តារាស្រី Taew Natapohn និង គូស្នេហ៍ តែងតែត្រូវបានមហាជនអ្នកគាំទ្រទទូចចង់ឱ្យអ្នកទាំងពីរមានដំណឹងល្អឆាប់ៗ ក្រោយអ្នកទាំងពីរសិក្សាមើលចិត្តគ្នាអស់រយៈពេលជាយូរមកហើយនោះ។ ជាមួយនឹងការទទូចពីមហាជនចង់ឱ្យអ្នកទាំងពីររៀបការនោះ ស្រាប់តែថ្មីៗនេះធ្លាយដំណឹងមកថា នៅចុងឆ្នាំនេះគូស្នេហ៍តារាប៉ុស្តិ៍លេខ ៣ មួយគូនឹងកាន់ដៃគ្នាចូលរោងការ។
យ៉ាងណាមិញ ចំពោះដំណឹងដ៏សែនរំភើបមួយនេះ ធ្វើឱ្យមហាជនដៅមិនត្រូវតែម្តងថាជាគូស្នេហ៍តារាប្រុសស្រីរូបណាមួយនោះទេ ព្រោះគេកត់សម្គាល់ឃើញមានគូស្នេហ៍ជាច្រើនគូក្នុងទូរទស្សន៍ប៉ុស្តិ៍នេះកំពុងល្អូកល្អិនគ្នា។ ទោះជាសន្និដ្ឋានមិនត្រូវ ប៉ុន្តែពេលនេះមហាជនកំពុងតែចាប់ក្រសែភ្នែកខ្លាំងទៅលើគូស្នេហ៍តារាស្រី Taew និង ហាយសូរ Pranai ដោយសារមួយរយៈចុងក្រោយនេះ អ្នកទាំងពីរហាក់បីដូចបង្ហាញភាពផ្អែមល្ហែមខ្លាំង រហូតមហាជនស្ទើរតែមិនអាចក្រលៀសភ្នែកទៅមើលគូផ្សេងបាន។
ក្រោយពីលេចឮដំណឹងថារៀបការបែបនេះ តារាស្រី Taew Natapohn ក៏បានបង្ហើបយ៉ាងច្បាស់កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ខណៈពេលដែលនាងបានផ្តល់បទសម្ភាសនៅក្នុងកម្មវិធី 3 Zeep ដែលមានតារាស្រី Chompoo , Aff និង លោក Kanchai ជាពិធីករក្នុងកម្មវិធីថា ៖ «ចំពោះដំណឹងដែលធ្លាយមកថា នាង និង គូស្នេហ៍ នឹងរៀបការនៅចុងឆ្នាំនេះ គឺមិនពិតនោះទេ នាងក៏ចង់ដឹងដែរថាជាគូស្នេហ៍តារាប៉ុស្តិ៍លេខ ៣ គូណានោះរៀបការដែរ ព្រោះពេលនេះនាងមិនទាន់បានត្រៀម ឬ គិតចំពោះរឿងនឹងនោះទេ នាងចង់សិក្សាមើលចិត្តគ្នាបន្តទៀតសិន»។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែមហាជនអ្នកគាំទ្រនោះទេ ដែលទន្ទឹងរង់ចាំមើលថា តើគូស្នេហ៍តារារូបណាទេ ដែលនឹងចាប់ដៃគ្នាចូលរោងការនៅចុងឆ្នាំខាងមុខនេះ សូម្បីតែតារាក្នុងប៉ុស្តិ៍លេខ ៣ Taew Natapohn នាងក៏ចង់ដឹងដូចគ្នាដែរថាជាអ្នកណានោះ៕
ប្រភព៖ daradaily