ធ្លាប់រងការមិនពេញចិត្ត តែពេលនេះ ជា វិបុល ក្លាយជាបងថ្លៃគួរឱ្យគោរពរបស់ប្អូនៗ គង់ សុជាតិ
មហាជនអ្នកគាំទ្រគូស្វាមីភរិយា ពិធីករ និង ពិធីការិនីល្បីឈ្មោះ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ ប្រាកដជាបានជ្រាបខ្លះមកហើយពីជីវិតឯកជនរបស់អ្នកទាំង ២ ទម្រាំតែអាចចាប់ដៃគ្នាចូលរោងការសាងគ្រួសារយ៉ាងមានសុភមង្គលនោះ។
ជាការពិតណាស់ មុននឹងជួបគ្នាសាងចំណងស្នេហ៍ អ្នកនាង គង់ សុជាតិ ធ្លាប់បានរៀបការ និង បែកបាក់ស្វាមីម្តងរួចមកហើយ ព្រមទាំងមានកូនប្រុសស្រីចំនួន ២ នាក់ទៀត រីឯលោក ជា វិបុល វិញនៅកំលោះ និង មានអាយុតិចជាងអ្នកនាង ដែលជាហេតុទម្រាំឱ្យគូស្វាមីភរិយាខាងលើនេះ ចាប់ដៃគ្នាសាងគ្រួសារដូចសព្វថ្ងៃនេះបាន គឺជារឿងមិនងាយស្រួលនោះឡើយ។
កន្លងមកអ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ធ្លាប់បើកកកាយពីជីវិតស្នេហាដំបូងៗរបស់អ្នកទាំង ២ ពិតជាមានរឿងរ៉ាវលំបាកវែងឆ្ងាយណាស់ ពោលគឺទាំងអ្នកនាង គង់ សុជាតិ និង លោក ជា វិបុល ត្រូវបានក្រុមគ្រួសារ បងប្អូន បដិសេធ និង រារាំងមិនឱ្យទាក់ទងគ្នានោះឡើយ ។ កាលនោះ អ្នកនាង គង់ សុជាតិ ក៏បានបញ្ជាក់ថា ក្រុមគ្រួសាររបស់នាងបានដាច់អហង្ការខ្លាំងពីទំនាក់ទំនងនេះ រហូតប្អូនៗបង្កើតរបស់អ្នកនាងអត់និយាយរាប់រកអ្នកនាងដល់ទៅ ៤ ឆ្នាំឯណោះ។
ដោយក្តីស្រឡាញ់ស្ម័គ្រស្មោះពិតប្រាកដ លោក ជា វិបុល ស៊ូរង់ចាំអ្នកនាង គង់ សុជាតិ រីឯអ្នកនាង គង់ សុជាតិ បានសម្រេចចិត្តក្រោកឈរ ជម្នះការរារាំង និង ធ្វើដើម្បីសុភមង្គលខ្លួនឯង ទើបអ្នកទាំង ២ បានចាប់ដៃគ្នាចូលរោងការ តាំងពីពេលនោះមក ក្រោយបានរៀបការសាងគ្រួសារប៉ុន្មានឆ្នាំ ក្រុមគ្រួសាររបស់គូស្វាមីភិរយា ទាំង ២ ខាងលើ ក៏ហាក់យល់ចិត្ត យល់ថ្លើម និង ដឹងពីភាពស្ម័គ្រស្មោះទំហំចិត្តក្តីស្រឡាញ់របស់កូនៗ ទើបពួកគាត់ បើកចិត្ត និង បន្តរស់នៅជាគ្រួសារតែមួយពោរពេញដោយក្តីសុខមកដល់ពេលបច្ចុប្បន្ន។
បន្ថែមពីនោះ បើក្រឡេកទៅមើលប្អូនៗបង្កើតរបស់អ្នកនាង គង់ សុជាតិ ដែលធ្លាប់បដិសេធចំណងស្នេហ៍របស់បងស្រី និង លោក ជា វិបុល បងថ្លៃនោះ មកដល់ពេលនេះពួកគេ គឺពិតជាគោរពស្រឡាញ់លោក ជា វិបុល ខ្លាំងណាស់ ដោយជារឿយៗប្អូនៗរបស់អ្នកនាង គង់ សុជាតិ តែងសរសើរ និង ឱ្យតម្លៃតាមរយៈរូបភាព និង ការបង្ហោះសារនានានៅលើគណនីហ្វេសប៊ុកពីលោក ជា វិបុល ទៀតផង៕