មាណព តួប្រុសរឿង «បដាចារ» កំពុងជះភាពសង្ហាខ្លាំង ឆក់បេះដូងអ្នកគាំទ្រ
តារាសម្ដែង វ៉ាន់ ដេវីត ថ្មីៗនេះកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន បន្ទាប់ពីរូបលោកបង្ហាញវត្តមានសម្ដែងជាតួ មាណព ក្នុងរឿង «បដាចារ» ជាមួយនឹងតារាសម្ដែង នី មុន្នីនាថ ដែលមហាជនភាគច្រើនដាក់រហស្សនាមនាងថាជាតារាទឹកភ្នែក។
គ្រាន់តែចេញភាគដំបូងភ្លាម តួអង្គ មាណព រូបនេះ ត្រូវបានទស្សនិកជនជាច្រើន ជាពិសេសអ្នកគាំទ្រដែលជាសុភាពនារីៗ លង់ស្នេហ៍នូវរូបរាង មុខមាត់ និង ស្នាមញញឹមដ៏មានមន្តស្នេហ៍របស់គេមិនស្ទើរនោះឡើយ ព្រោះតារាប្រុសរូបនេះ មិនត្រឹមតែមានទេពកោសល្យផ្នែកសិល្បៈដ៏ប៉ិនប្រសប់ប៉ុណ្ណោះទេ តែតារាប្រុសរូបនេះក៏ជះរាងសង្ហាទាក់ចិត្តស្រីៗមិនតិចដែរ។
ងាកទៅមើលជីវិតក្រៅឆាកវិញ ប្រុសស្អាត វ៉ាន់ ដេវីត ចូលចិត្តបង្ហោះរូបថតបង្ហាញពីជីវិតឯកជនតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនបង្ហាញពីសកម្មភាពប្រចាំថ្ងៃជារឿយៗ ដែលរូបថតរបស់លោកនីមួយៗ សុទ្ធតែបញ្ចេញទឹកមុខញញឹមបែបផ្អែមស្រទន់ អាចឆក់យកបេះដូងនារីៗឱ្យលង់ស្នេហ៍លោកដោយមិនដឹងខ្លួន ៕