មានរឿងតុក្កតា ២ រឿង ដែលធ្វើឱ្យ CL ជក់មើលសាចុះសាឡើង ជាង ៥០០០ ដង
ប្រិយមិត្តភាគច្រើនដែលនិយមតាមដានវិស័យ K-POP មុខជាបានស្គាល់ច្បាស់ CL ដែលជាតារាចម្រៀងរ៉េបដ៏មានឥទ្ធិពលមួយរូប និងធ្លាប់ជាអតីតប្រធានក្រុម 2NE1 មានកេរ្តិ៍ឈ្មោះល្បីរន្ទឺ និងមានការគាំទ្រខ្លាំង។
អស់រយៈពេលជាង ១៤ ឆ្នាំហើយដែល CL បានបោះជំហានចូលក្នុងវិស័យ K-POP ហើយកសាងកេរ្តិ៍ឈ្មោះ និងបានបង្ហាញខ្លួនក្នុងកម្មវិធីល្បីៗជាច្រើន។
យ៉ាងណាមិញស្រីស្រស់វ័យ ៣០ ឆ្នាំរូបនេះបានទម្លាយពីចំណង់ចំណូលចិត្តរបស់ខ្លួនឱ្យដឹងថា «នាងគឺជាមនុស្សដែលចូលចិត្តទស្សនាគំនូរជីវចល ជាពិសេសគឺប្រភេទតុក្កតារបស់ក្រុមហ៊ុន Disney ដោយមានរឿងតុក្កតា ២ រឿងដែលនាងចូលចិត្តខ្លាំងបំផុតរហូតមើលជិត ៥០០០ ដង នោះគឺរឿង Dumbo និងរឿង Bambi»។
CL បន្ថែមថា៖ «កាលពីនៅតូចៗ ម្តាយនាងប្រាប់ថានាងមើលរឿងទាំង ២ នេះជាច្រើនដងមិនចេះធុញ រហូតអាចសូត្រឃ្លាតួអង្គនិយាយបាន។ មកទល់ពេលបច្ចុប្បន្ននេះនាងក៏តែងស្តាប់ចម្រៀងរបស់ Disney ជាច្រើនបទ រហូតសន្សំទុកជា Playlist ទៀតផង»៕