តារាចម្រៀង ជ័យ សុវ៉ាត យំគគ្រូកទម្លាយរឿងដ៏សែនឈឺចាប់ ដក់ជាប់ក្នុងទ្រូងគ្មានថ្ងៃភ្លេចបាន
មហាជនអ្នកគាំទ្រប្រាកដជាបានស្គាល់ហើយពី តារាចម្រៀងប្រុស ជ័យ សុវ៉ាត់ ដែលជាអតីតម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀង «ផ្កាយរះក្នុងសួន» ហើយ លោក ក៏ក្លាយជាតារាចម្រៀងនៅក្នុងផលិតកម្មសាន់ដេ ដែលទទួលបានការស្រឡាញ់គាំទ្រខ្លាំងពីសំណាក់មហាជនជាច្រើន តាមរយៈបទចម្រៀងរបស់លោក ជាច្រើនបទ ជាពិសេសនោះ គឺបទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់»។
ម្យ៉ាងវិញទៀត អ្វីដែលកាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ស្រឡាញ់គាំទ្រ និងស្ងើចសរសើរដល់ តារាចម្រៀងប្រុសរូបនេះ យ៉ាងខ្លាំងទៀតនោះ គឺកាលពីដើមឆ្នាំ ២០២១ នេះ ដោយសារមានការរីករាលដាលនៃជំងឺកូវីដ-១៩ ខ្លាំង គេក៏បានឃើញ តារាប្រុសរូបនេះ បានទម្លាក់ការងារសិល្បៈចោល បានងាកមកតុបតែងខ្លួនក្នុងសម្លៀកបំពាក់ជាគ្រូពេទ្យជួរមុខ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយលះបង់កម្លាំងកាយចិត្ត ជួយដល់បងប្អូនប្រជាជនខ្មែរក្នុងស្ថានភាពជំងឺកូវីដ-១៩នេះ។
ដោយឡែកមហាជនអ្នកគាំទ្រ ដែលធ្លាប់តែបានដឹង បានឃើញពីសមត្ថភាពក្នុងអាជីពសិល្បៈ ព្រមទាំង ទឹកចិត្តដ៏ល្អប្រពៃរបស់ តារាចម្រៀងប្រុសរូបនេះ ប៉ុន្តែមានរឿងរ៉ាវដ៏កំសត់មួយដែល មហាជនអ្នកគាំទ្រមួយចំនួនអាចនឹងមិនធ្លាប់បានដឹង នៅពីក្រោយនៃភាពជោគជ័យ និងស្នាមញញឹមរបស់លោក គឺ លោក មានរឿងរ៉ាវដ៏ឈឺចាប់ដក់ជាប់ក្នុងចិត្តមួយ ដែលធ្វើឱ្យរូបលោកមិនអាចបំភ្លេចបាន ពាក់ព័ន្ធជីវិតគ្រួសាររបស់លោក។
ពិតណាស់កាលពីថ្មីៗកន្លងទៅនេះ នៅក្នុងកិច្ចសម្ភាសន៍របស់កម្មវិធីមួយ តារាចម្រៀងប្រុសរូបនេះ ក៏បានធ្វើការទម្លាយរឿងរ៉ាវដ៏កំសត់ក្នុងជីវិតរបស់លោក ដែលលោក បានឱ្យដឹងថា លោក ជាមនុស្សដែលខ្វះភាពកក់ក្ដៅបំផុត មិនដែលធ្លាប់ស្គាល់សេចក្ដីស្រឡាញ់ថ្នាក់ថ្នមពីឪពុកម្ដាយដូចគេ ដែលមិនធ្លាប់សូម្បីជួបមុខឪពុក ហើយម្ដាយរបស់លោក ក៏បានចែកឋានចោល ដែលកន្លងទៅ លោក ជាក្មេងដែលទទួលការចិញ្ចឹមមើលថែ និងផ្គត់ផ្គង់ការរៀនសូត្រពីអង្គការមួយនៅរាជធានីភ្នំពេញ។
ក្នុងនោះ តារាចម្រៀងប្រុសរូបនេះ បានធ្វើការរៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួល យំសស្រាក់ ដោយបាននិយាយថា៖ «ខ្ញុំតូចចិត្ដចំពោះខ្លួនឯង ដែលខ្ញុំកើតមក សូម្បីឱពុកម្ដាយក៏ខ្ញុំអត់បានស្គាល់ ខ្ញុំអត់បានឃើញមុខឪពុកខ្ញុំ ថាមុខគាត់បែបណា ហើយសូម្បីម្ដាយខ្ញុំ ជួបគាត់តែរយៈពេលខ្លី ក៏គាត់ស្លាប់ចោលខ្ញុំទៀត ខ្ញុំអត់ស្គាល់ភាពកក់ក្តៅ ភាពស្រឡាញ់ពីឪពុកម្ដាយដូចក្មេងគេទេ»៕
សូមទស្សនាវីដេអូខាងក្រោម៖
@mrrlodii##កិច្ចសម្ភាសន៍ ##interview ##ជ័យសុវ៉ាត ##CheySoVat ##លីម៉ារីណា ##LyMarina ##ម៉ៅសុីណាត ##Maosinat ##PostKomsan♬ original sound – Mrr Lodii