មួយឆ្នាំហើយ ទីក្រុងផ្ទាល់ខ្លួនតម្លៃ ៦ ពាន់លានដុល្លាររបស់ Akon នៅត្រឹមជាវាលស្មៅ
រយៈពេលមួយឆ្នាំហើយ ក្រោយតារាចម្រៀង Akon បានបោះដុំថ្មដំបូងនៃទីក្រុងតម្លៃ ៦ ពាន់លានដុល្លាររបស់លោក ដែលសន្យាសាងសង់សម្រាប់ប្រជាជនសេណេហ្គាល់ ហើយទីតាំងសាងសង់ទីក្រុងនោះ នៅតែជាដីវាលមានស្មៅដុះស៊ុបទ្រុបដដែល មិនទាន់ឃើញលេចចេញរូបរាងបន្តិចសោះឡើយ។
គម្រោងសាងសង់ ទីក្រុងរបស់តារាចម្រៀង Akon គឺគ្រោងនឹងចាប់ផ្ដើមសាងសង់ឡើងនៅជិតភូមិ Mbodience ប៉ុន្តែទោះជាយ៉ាងណា ពលរដ្ឋនៅទីនោះ បានបង្ហាញអារម្មណ៍អស់សង្ឃឹមនៅពេលអនាគត ដោយសារតែទីក្រុងនោះ គឺមិនទាន់បានចាប់ផ្ដើមនៅឡើយនោះទេ។
បើតាមសម្ដីអ្នកស្រុកធ្វើការផ្នែកទេសចរណ៍ម្នាក់បាននិយាយថា ៖ «ពួកគេបានដាក់ថ្មដំបូង ដោយអមនឹងលិខិតប្រកាសសន្យាជាច្រើនលើដុំថ្មនោះ។ បើប្រៀបធៀបទៅនឹងអ្វីដែលលិខិតបានប្រកាស ខ្ញុំគិតថា វាមិនទាន់បានចេញលទ្ធផលអ្វីបន្តិចសោះឡើយ»។
គួររំឭកថា កាលពីខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ តារាចម្រៀងប្រុសដ៏ល្បី Akon បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល នៅពេលរូបលោកប្រកាសគម្រោងបង្កើតទីក្រុងផ្ទាល់ខ្លួនមួយ លើទឹកដីកំណើតរបស់លោក «សេណេហ្គាល់» ដែលទីក្រុងនោះគឺលំនាំដូចទៅនឹងទីក្រុង Wakanda ក្នុងខ្សែភាពយន្តរឿង «Black Panther» របស់ក្រុមហ៊ុន Marvel។
ទីក្រុងផ្ទាល់ខ្លួនរបស់តារាចម្រៀងប្រុសនេះដែរ ត្រូវបានចំណាយទុនប្រមាណជា ៦ ពាន់លានដុល្លារ ដោយលោកបានសន្យាថា នឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ ២០២១ តែរហូតជិតដល់ចុងឆ្នាំ ២០២១ ហើយនៅមិនទាន់លេចចេញរូបរាងនៅឡើយទេ៕
ប្រភព៖ RFI