តួបងសាហាវ រឿង «យុទ្ធសាស្រ្តបំបែកក្តី» វាយបកវិញផាំងៗ ក្រោយគេល្បីថាលួចស្នេហ៍តារារួមអាជីព
តារាសម្ដែងស្រី Sisley Choi ជាតារាស្រីប្រជាប្រិយភាពមួយរូបប្រចាំប៉ុស្តិ៍ TVB ដែលអ្នកគាំទ្រភាគច្រើនស្គាល់តាមរយៈការដើរជាតួអង្គ បងសាហាវ សម្ដែងក្នុងរឿងយុទ្ធសាស្ត្របំបែកក្តី។ បើនិយាយអំពីរឿងឯកជនរបស់តារាស្រីរូបនេះកន្លងមក នាងធ្លាប់បានសារភាពយ៉ាងងឿងឆ្ងល់ចំពោះរឿងចចាមអារ៉ាមដែលថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនឹងអ្នកណាម្នាក់ ទាំងដែលនាងផ្ទាល់គ្មានពេលនឹងបង្កាត់ភ្លើងស្នេហ៍ទាស់តែសោះ។
ជាក់ស្ដែងដូចជា អំឡុងពេលធ្វើបទសម្ភាសអំពីការបើកបង្ហាញរឿងភាគមួយ ដែលនាងកំពុងថតសម្ដែង ដោយនាងបានចែករំលែករឿងរ៉ាវមួយចំនួនដែលធ្លាប់រងនូវរឿងចចាមអារ៉ាមស្នេហាជាមួយនឹងតារារួមអាជីព ដូចជាលោក Tony Hung, Vincent Wong និង Owen Cheung ហើយតារាស្រីរូបនេះ ក៏បានបកស្រាយបញ្ជាក់ច្បាស់ៗយ៉ាងចាក់ដោតនៅក្នុងនោះផងដែរ។
ក្នុងនោះ Sisley Choi នាងបាននិយាយយ៉ាងដូច្នេះថា៖ «ខ្ញុំមិនដឹងពីរបៀបជួបជាមួយមិត្តរួមការងារបែបសមរម្យទេ វាថែមទាំងបង្កើតរឿងអាស្រូវជាច្រើន។ ចំពោះ Hubert Wu យើងគ្រាន់តែជាមិត្តល្អប៉ុណ្ណោះ ព្រោះខ្ញុំចង់ផ្តោតលើការងារសព្វថ្ងៃ»។
ជាមួយគ្នានោះ នាងបានបញ្ជាក់ត្រង់ៗទៀតថា នាងគ្មានពេលសូម្បីណាត់ជួបទាក់ទងគ្នានាពេលសព្វថ្ងៃនេះ ដោយសារតែពេញមួយថ្ងៃ រាល់សកម្មភាពរបស់នាងគឺទាក់ទងតែជាមួយនឹងការងារ៖ «អ្វីដែលខ្ញុំធ្វើនៅពេលនេះគឺ អានស្គ្រីបហើយចូលគេង។ ខ្ញុំមិនមានពេលទៅលេងសូម្បីតែឪពុកម្តាយរបស់ខ្ញុំ ឬ ជួបមិត្តភក្តិ ដូច្នេះតើខ្ញុំអាចណាត់ជួបគ្នាបានយ៉ាងម៉េចឥឡូវនេះ?»។
យ៉ាងណាមិញ តារាស្រីរូបនេះបានបញ្ជាក់ម្ដងហើយម្ដងទៀត ដោយមិនចង់បន្តរឿងចចាមអារ៉ាមផ្ទុយពីការពិតដែលនាងចង់ផ្តោតទៅលើការងារជាក់ស្ដែងឡើងថា៖ «ខ្ញុំអាយុ ៣០ ហើយ។ ប្រសិនបើខ្ញុំមិនខំប្រឹងទេ ខ្ញុំនឹងមិនទៅណាមិនឆ្ងាយនោះទេ»៕
ប្រភព៖ YAHOOLIFE