Rung Nuhin តួអ្នកបម្រើល្បីឆ្វាក់ស្នេហ៍ប្រេះឆា ធ្លាប់មានសង្សារទាំងស្រី និង ប្រុស ៧ នាក់
ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់ហើយពីតារាកំប្លែង ក៏ដូចជាតួអ្នកបម្រើមិនចេះខ្វះសំណើច នាង Rung Nuhin ដោយមកទល់ពេលនេះ នាងកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនតាមរយៈការសម្តែងខ្សែភាពយន្តភាគ ក៏ដូចជារឿងកំប្លែងជាច្រើននោះ។
បើក្រឡេកទៅមើលជីវិតពិតរបស់តារាកំប្លែងស្រីរូបនេះវិញ ក៏កាន់តែពិសេស ដោយការរស់នៅរបស់នាងមិនដូចការសម្តែងក្នុងរឿងទេ ពោលគឺមានភាពហាយសូរ និង ធូរធារណាស់។ ដោយឡែក ថ្មីៗនេះ នាង Rung Nuhin បានបង្កការចាប់អារម្មណ៍មួយដល់អ្នកគាំទ្រ បន្ទាប់ពីពិធីករក្នុងកម្មវិធីកម្សាន្តថៃមួយសួរនាងថា មកទល់ពេលនេះតើនាងធ្លាប់មានសង្សារប៉ុន្មាននាក់? មិនបង្អង់យូរ នាង Rung Nuhin បានឆ្លើយថា ៖ «៧ នាក់ហើយ ក្នុងនោះមានប្រុស ៣ នាក់ ស្រី ៤ នាក់»។
ទន្ទឹមនឹងនោះដែរ ពិធីករក៏បានសួរសំណួរយ៉ាងចាក់ដោតមួយទៀតទាក់ទងទៅនឹងអារម្មណ៍ពិតរបស់នាងថា តើស្រឡាញ់មនុស្សប្រុស ឬ មនុស្សស្រីជាង? ហើយមូលហេតុអ្វី? ភ្លាមនោះដែរ ស្រាប់តែតារាស្រី Rung Nuhin តបដោយមិនលាក់លៀមថា ៖ «នាងស្រឡាញ់ចូលចិត្តទាំងអស់មិនប្រកាន់ឡើយ តែទំនាក់ទំនងមនុស្សស្រីដូចគ្នា វាពិសេសជាងសម្រាប់នាង ព្រោះមនុស្សស្រីដូចគ្នាយល់ចិត្តជាងមនុស្សប្រុស គេយកចិត្តទុកដាក់ចំពោះយើងខ្លាំង ក្នុងថ្ងៃសំខាន់អ្វីមួយរបស់យើងគេមិនដែលភ្លេចទេ ហើយមើលថែយើង បារម្ភយើងខ្លាំង ហួសពីការរំពឹងទុក»។
យ៉ាងណាមិញ រឿងនិស្ស័យចំណង់ចំណូលចិត្តរបស់មនុស្សមិនដូចគ្នានោះទេ មិនអាចបន្ទោសទៅលើនរណាម្នាក់ឡើយ សំខាន់ក្តីស្រឡាញ់ និង ទំនុកចិត្តដែលមិនអាចកាត់ថ្លៃ ដូច្នេះមហាជមនមានជូនពរ និង រង់ចាំមើលថា តើគូជីវិតណាមួយដែលចូលមកស្អំបេះដូងតារាស្រីរូបនេះនោះ៕
ប្រភព៖ newtv