មិនចប់ទេ! រឿងកូនមិនទាន់ដាច់ស្រេចផង Angelina និង Brad Pitt ផ្ទុះរឿងដណ្តើមផ្ទះគ្នាតម្លៃ ១៦៤ លានដុល្លារទៀត
ចំណងស្នេហារយៈពេលជាង ១០ ឆ្នាំ រវាងអតីតគូស្វាមីភរិយាតារាសម្តែងល្បីហូលីវូដ Angelina Jolie និង Brad Pitt ប្រហែលមិនបានបញ្ចប់ ទៅដោយភាពរលូនស្រួលបួលនោះទេ ព្រោះតែនៅមានរឿងរ៉ាវចម្រូងចម្រាស់ជាច្រើន នៅតែបន្តផុសឡើងឱ្យអ្នកទាំងពីរមានការទាស់ទែងគ្នាមិនចប់សោះឡើយ។
យ៉ាងណាមិញ រឿងក្តីទាក់ទងទៅនឹងសិទ្ធធ្វើជា អាណាព្យាបាលទៅលើកូនៗប្រុសស្រីទាំងអស់របស់តារាទាំងពីររូបនេះ នៅមិនទាន់បានដាច់ស្រេចនៅឡើយ តែបែរជាថ្មីៗនេះ មានរឿងមួយលេចឡើងបន្ថែម ទាក់ទងទៅនឹងទំនាស់ពាក់ព័ន្ធទ្រព្យសម្បត្តិអចលនទ្រព្យវាល់លានដុល្លារមួយទៀត។
តាមព័ត៌មានបានឱ្យដឹងថា ពេលនេះ អតីតគូស្នេហ៍ Angelina Jolie និង Brad Pitt បានកំពុងមានភាពចម្រូងចម្រាស់ មិនពេញចិត្តជុំវិញរឿងផ្ទះប្រណីតមួយកន្លែងឈ្មោះ «Chateau Miraval» ដែលមានតម្លៃជាង ១៦៤ លានដុល្លារ និង មានទីតាំងនៅភាគខាងត្បូងប្រទេសបារាំង ដែលជាកម្មសិទ្ធរួមរបស់ពួកគេផ្ទាល់។
តាមការឱ្យដឹង នៅថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ លោក Brad Pitt បានដាក់ពាក្យបណ្តឹងទៅលោកស្រី Angelina Jolie ពីបទព្យាយាមដកសិទ្ធកាត់ផ្តាច់របស់លោក ពីកម្មសិទ្ធនានារបស់ផ្ទះ «Chateau Miraval» នោះ។ មួយវិញទៀត បើតាមពិតទៅ ផ្ទះមួយនេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនធំមួយមានឈ្មោះថា «Quimicum»។ ហើយក្រុមហ៊ុននោះ Brad Pitt មានក្រុមហ៊ុនភាគហ៊ុន Mondo Bongo ចំនួន ៥០ ភាគរយ និង Angelina មានក្រុមហ៊ុនភាគហ៊ុន Nouvel ៥០ ភាគរយស្មើគ្នា។
ព័ត៌មានបានឱ្យដឹងបន្ថែមទៀតថា ពួកគេថែមទាំងមានកិច្ចព្រមព្រៀង ដែលបានបញ្ជាក់ថា ភាគីទាំងសងខាងត្រូវតែសួរការអនុញ្ញាតិគ្នាទៅវិញទៅមក មុននឹងធ្វើការចង់លក់ភាគហ៊ុនណាមួយផងដែរ ប៉ុន្តែខាង Angelina បានព្យាយាមលួចលក់ភាគហ៊ុននៅក្នុងផ្ទះ Chateau Miraval នេះ ដោយមិនបានសួរនាំលោក Brad Pitt ហើយថែមទាំងមិនឱ្យសិទ្ធលោក ទិញយកភាគហ៊ុននេះត ថែមទៀតផង។
យ៉ាងណាមិញ បន្ថែមពីនោះទៅទៀត យោងតាមប្រភពព័ត៌មានដដែល បានឱ្យដឹងថា ការងារផ្សេងៗទាក់ទងជាមួយនឹងរឿងភាគហ៊ុនទាំងនេះ គឺខាងក្រុមហ៊ុនលោក Brad Pitt មានការមមាញឹកជាងគេ។ ចំណែកឯ ក្រុមហ៊ុន Nouvel មិនសូវជាអើពើប៉ុន្មាននោះទេ ទើបធ្វើឱ្យមានការអាក់អន់មិនពេញចិត្តដូច្នេះ៕
ប្រភព៖ PAGE SIX