អ្នកគាំទ្រផ្អើលក្រុម BIG BANG វិលមកវិញ ក្រោយសុខៗឃើញ T.O.P លេចមុខធ្វើរឿងមួយនេះ
យូរគួរសមដែរហើយ ដែលគេមិនសូវឃើញក្រុមបុរសដ៏ល្បី BIG BANG មានវត្តមានអង្រួននៅក្នុងវិស័យ K-Pop ពោលគឺប្រុសស្អាតទាំងអស់បានសំងំបាត់មុខឈឹងតែម្តង នេះប្រហែលព្រោះតែសមាជិកនីមូយៗមានធុរៈរវល់មមាញឹករៀងៗខ្លួន។ ការបាត់មុខរបស់ពួកគេ បានធ្វើឱ្យមហាជនមានការនឹករលឹកយ៉ាងខ្លាំង ព្រោះធ្លាប់តែឃើញក្រុមមូយនេះលេចមុខមករញ្ជួយឆាកកក្រើកបេះដូងរហូត។
ដោយឡែក កាលពីថ្មីៗកន្លងទៅនេះ អ្នកគាំទ្រមិនតិចនាក់នោះទេ បាននាំគ្នាជ្រួលច្របល់ផ្អើលចចាមអារ៉ាមជាមួយការត្រលប់ចូលសិល្បៈវិញរបស់ក្រុម BIG BANG នេះ ព្រោះតែសុខៗ គេបានឃើញសមាជិកប្រុសស្អាត T.O.P លេចមុខយ៉ាងសង្ហាមកផុសរូបបង្ហាញនៅក្នុង IG ជាមួយនឹងម៉ូដសក់ពណ៌ថ្មីស្រស់ ស្រដៀងទៅនឹងកាលកំពុងមមាញឹកក្នុងសិល្បៈ។
ការលេចមុខនេះ បានបណ្តាលឱ្យមហាជន និង អ្នកគាំទ្រកើតជាការសង្ស័យមិនអស់ចិត្តតែម្តង ដោយនឹកថាក្រុម BIG BANG ប្រហែលជាអាចត្រឡប់មកវិញហើយ ក្រោយការបាត់មុខជាយូរនោះ។ យ៉ាងណាមិញ បើទោះបីជានេះ គ្រាន់តែជាចចាមអារ៉ាមការសង្ស័យក៏ដោយ ក៏អ្នកគាំទ្រទាំងឡាយអត់សប្បាយមិនបានដែរ ហើយក៏សង្ឃឹមយ៉ាងខ្លាំងដែលថាពួកគេពិតជាត្រឡប់មកបង្ហាញមុខជាក្រុមម្តងទៀតផងដែរ។
គួរឱ្យដឹងដែរថា ថ្មីៗនេះ ខាងផលិតកម្ម YG មិនបានបញ្ជាក់ឱ្យដឹងពីព័ត៌មានណាមួយទាក់ទងជាមួយការត្រឡប់មកវិញជាក្រុមរបស់ BIG BANG ឡើយ តែគេបានប្រកាសពីការបញ្ចេញចម្រៀងទោលរបស់សមាជិកនីមួយៗ គ្រាន់តែមិនបានបញ្ជាក់កាលបរិច្ឆេទឱ្យពិតប្រាកដឡើយ៕