(វីដេអូ) ទិដ្ឋភាពក្រុម BTS ក្នុងមហាសន្និបាតពិភពលោក UNGA ឃើញហើយរំជួលបេះដូង
នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ក្រុមចម្រៀងបុរសប្រចាំប្រទេសកូរ៉េ BTS បានមានកិត្តិយសលេចមុខនៅក្នុងមហាសន្និបាតអង្គការសហប្រជាតិ UNGA ប្រចាំឆ្នាំ ដែលនិយាយពីការបើកសម្ភោធគម្រោង «គោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពនៅឆ្នាំ ២០២៣» (Sustainable Development Goals)។
នៅក្នុងកម្មវិធីនេះ កំលោះទាំង ៧ រូប បានឈរតម្រៀបគ្នាយ៉ាងសង្ហាក្នុងសម្លៀកបំពាក់ឈុតធំទាំងក្រុម នៅលើវេទិកានាទីស្នាក់ការអង្គការសហប្រជាតិ ទល់មេដឹកនាំល្បីរបស់ពិភពលោកជាច្រើននាក់ទៀត ដើម្បីថ្លែងសុន្ទរកថាសម្តែងការយល់ឃើញទៅបញ្ហានានាមួយចំនួន ដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ននេះ។
ជាពិសេសនោះ ក្នុងសុន្ទរកថានេះ ក្រុមចម្រៀងទាំងមូលបានផ្តោតយ៉ាងសំខាន់ទៅលើយុវជន និង កុមារជុំវិញពិភពលោក ដោយបានយកចិត្តទុកដាក់លើកឡើងជាចម្បងពីបញ្ហារបស់ពួកគេក្នុងបរិបទកូវីដនេះ ទាំងបញ្ហាការសិក្សា ការប្រើប្រាស់ជីវិតផ្សេងៗ ព្រមទាំងឆ្លៀតផ្តល់ឱ្យនូវសារជំរុញលើកទឹកចិត្តជាច្រើនទៀតដល់ពួកគេថែមទៀតផង។
លើសពីទៅទៀត កំលោះៗរបស់យើង ក៏បានលើកឡើងនូវបញ្ហាទូទៅមួយចំនួនផងដែរ ដែលមានដូចជា ការប្រឆាំងការរើសអើងគ្រប់ទម្រង់ និង ការប្រមាថមើលងាយជាពាក្យសម្តីគ្រប់បែបយ៉ាង។ បន្ថែមពីនេះទៀតនោះ ពួកគេថែមទាំងមានឱកាសអាចធ្វើការសម្តែងចម្រៀងរបស់ខ្លួន នៅក្នុងទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិមួយនេះថែមទៀតផង ធ្វើឱ្យមើលទៅពិតជាមានភាពប្លែកភ្នែកមិនតិចឡើយ។
យ៉ាងណាមិញ មើលទៅថ្នាក់ដឹកនាំក្នុងអង្គការជាច្រើន ហាក់ដូចជាពេញចិត្តពេញថ្លើមនូវវត្តមានរបស់ក្រុមចម្រៀងជនជាតិកូរ៉េមួយនេះខ្លាំងណាស់ ដោយពួកគេបានស្វាគមន៍យ៉ាងកក់ក្តៅទៅលើប្រុសស្អាតមិនឱ្យក្រែងចិត្តឡើយ។ អ្នកគាំទ្រទាំងអស់ ពិតជាមោទនភាពខ្លាំងណាស់ ព្រោះមិននឹកស្មានថាក្រុមតារាសំណព្វរបស់ខ្លួន អាចមានឱកាសបង្ហាញមុខនៅលើឆាកអន្តរជាតិ ព្រមទាំងជួយទាញប្រយោជន៍ពិភពលោកដូច្នេះ៕
សូមទស្សនាវីដេអូខាងក្រោម៖