គ្រាន់តែ Jungkook ស្លៀកឈុតនេះឡើងយន្តហោះ ស្រាប់តែលក់ដាច់អស់ពីស្តុក ដល់ទៅ ២២ ប្រទេស
ក្រុមចម្រៀងបុរស BTS បានធ្វើដំណើរទៅកាន់ប្រទេសអាមេរិក កាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ ដើម្បីអមដំណើរលោកប្រធានាធិបតី Moon Jae In ចូលរួមមហាសន្និបាតពិភពលោកអង្គការសហប្រជាជាតិលើកទី ៧៦ ជាមួយមេដឹកនាំល្បីៗជាច្រើនទៀត។
ក្នុងនោះ វត្តមានរបស់កំលោះទាំង ៧ នៅព្រលានយន្តហោះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ ក៏ដូចជាមហាជនជាច្រើន ដោយសារតែស្ទីលហ្វេសសិន និង តម្លៃកប់ពពករបស់ឈុតមួយតួខ្លួនរបស់ពួកគេម្នាក់ៗ។
ជាពិសេសនោះ យើងឃើញថា ឈុតរបស់កូនពៅប្រចាំក្រុម ពិតជាមានស្ទីលទាន់សម័យប្លែក ដោយថែមជាប្រ៊េនល្បីរបស់ Louis Vuitton ថែមទៀតផង។ រីឯតម្លៃវិញ ក៏រឹតតែអត់បើកភ្នែកធំៗភ្ញាក់ផ្អើលមិនបានតែម្តង ព្រោះមួយឈុតលើខ្លួនរបស់ប្រុសសង្ហាម្នាក់នេះ ទាំងកាបូប ទាំងស្បែកជើង មានតម្លៃរហូតដល់ពាន់ម៉ឺនដុល្លារឯណោះ។
លើសពីនេះទៅទៀតនោះ អ្វីដែលគួរឱ្យរឹតតែចំហមាត់នោះ គឺកំលោះ JungKook ពិតជាប្រម៉ូតប្រ៊េនៗលើខ្លួនលោកបានល្អណាស់ ព្រោះបន្ទាប់ពីលោកបានបង្ហាញខ្លួនក្នុងឈុតនេះមិនបានប៉ុន្មានផង ស្រាប់តែខោអាវ និង កាបូប ព្រមទាំងស្បែកជើង ត្រូវបានគេបុកសម្រុកទៅទិញធ្វើឱ្យដាច់ស្តុកអស់ទាំងនៅក្នុងហាង និង វេបសាយអនឡាញ រហូតទៅដល់ទៅ ២២ ប្រទេសលើពិភពលោកគ្មានសល់នោះទេ។
យ៉ាងណាមិញ មហាជនពិតជាមិនទាន់បាត់អស់នូវភាពភ្ញាក់ផ្អើលនោះទេ ព្រោះមិននឹកស្មានថា កំលោះយើងអាចធ្វើឱ្យរបស់វត្ថុគ្រប់យ៉ាងលក់ដាច់អស់ត្រឹមតែមួយរំពេចភ្នែកប៉ុណ្ណោះ៕
ប្រភព៖ ALL KPOP