វីវរហើយ! ហ្វេនផ្កាប់មុខ Kris Wu បម្រុងនាំគ្នាចង់បំបុកចូលទៅពន្ធនាគារ រំដោះតារាសំណព្វចិត្ត
តារាប្រុស Kris Wu បានបញ្ឆេះរោលអារម្មណ៍មហាជនឱ្យឆាបឆួលដោយកំហឹង និង ភាពមិននឹកស្មាន តាមរយៈការចោទប្រកាន់យ៉ាងជុំទិស ពីករណីបំពានផ្លូវភេទទៅលើនារីៗជាច្រើននាក់ ថែមទាំងករណីខុសច្បាប់ជាច្រើនទៀតផង ជាលទ្ធផលលោកត្រូវបានតុលាការឃាត់ខ្លួនដាក់ពន្ធនាគារ ក្រោយកាត់ក្តីរកសខ្មៅរួចរាល់។
ចំពោះការឃុំខ្លួនតារាសម្តែងប្រុសនេះ មានមហាជនជាច្រើនបានបញ្ចេញការយល់ឃើញថា នេះគឺជាការគួរសមជាតួនាទីរបស់ច្បាប់ ហើយ Kris គួរតែទទួលបានការកាត់ទោសឱ្យសមទៅនឹងទង្វើមិនគប្បីដែលរំលងសីលធម៌ជាមនុស្សរបស់គេ។
ក្នុងនោះ ថ្មីនេះៗ នៅមានអ្នកគាំទ្រស្មោះស្ម័គ្រមួយចំនួន បានកើតទុកមិនសុខចិត្ត មិនព្រមទទួលការពិត ព្រោះងងឹតងងុលនឹងការស្រឡាញ់តារាសំណព្វរូបនេះ ក៏បានកើតជាគំនិតចង់រំដោះគេពីសំណាញ់ច្បាប់ ទាំងដែលគេបានប្រព្រឹត្តនូវទង្វើដែលមិនគួរឱ្យលើកលែងយ៉ាងណាក៏ដោយ។
ជាក់ស្តែង មានអ្នកគាំទ្រខ្លះសុទ្ធតែសុខចិត្តស្នើខ្លួនឯងផ្ទាល់ ទៅជាប់ពន្ធនាគារជំនួសលោកតែម្តង លើសពីនេះទៅទៀត មានគេបានគាស់កកាយទម្លាយសាររបស់ក្រុមអ្នកគាំទ្រប្តូរផ្តាច់មួយចំនួន ដោយក្នុងនោះពួកគេបានពិភាក្សាបបួលគ្នាចង់បំបុកទៅក្នុងពន្ធនាគារ ដើម្បីផ្តល់សេរីភាពឱ្យតារាប្រុស Kris ដែលកំពុងជាប់ឃុំនៅទីនោះថែមទៀតផង ធ្វើឱ្យអាជ្ញាធរពាក់ព័ន្ធចាប់ផ្តើមមានការព្រួយបារម្ភចំពោះបំណងងងឹតងងុលនេះមិនតិចឡើយ។
យ៉ាងណាមិញ មហាជនជាច្រើន ក៏បានផ្ទុះជាការខឹងសម្បាផងដែរ ព្រោះមិននឹកស្មានថា នៅមានអ្នកគាំទ្រដែលផ្កាប់មុខមិនចេះគិត មិនទទួលកំហុសរបស់តារាដូច្នេះសោះ៕
ប្រភព៖ KBI ZOOM