មិនទាន់ចប់! ម៉េង កែវពេជ្ជតា ក្ដៅស្លឹកត្រចៀកខ្លាំងតបផាំងៗទៅបុរសម្នាក់ ព្រោះរឿងនេះ
កាលពីថ្មីៗកន្លងទៅ មហាជនអ្នកលេងបណ្ដាញសង្គមបានទទួលដឹងហើយទាក់ទងនឹងរឿងរ៉ាវក្ដៅគគុកលើហ្វេសប៊ុក ដែលមានការតតាំងមតិរវាង តារាចម្រៀងស្រីជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រវិស័យសិល្បៈមួយចំនួន ទាក់ទងនឹងការលើកឡើងរបស់អ្នកនាង ពីអ្នកយកបទចម្រៀងទៅច្រៀងដោយមិនដាក់ឈ្មោះម្ចាស់ដើម។
ដោយឡែកមកទល់ពេលនេះ រឿងរ៉ាវទាំងនេះ ក៏នៅតែមិនទាន់ស្ងាត់នៅឡើយ ដោយនៅតែមានការតតាំងមតិវែកញែកពីមហាជនមួយចំនួន ព្រមទាំងមានទំនាស់ពាក្យសម្ដីរវាង តារាចម្រៀងជើងចាស់រូបនេះ ជាមួយនឹងអ្នកលេងបណ្ដាញសង្គមមួយចំនួន ដែលបានបញ្ចេញមតិទាក់ទិននឹងរឿងនេះផងដែរ។
ជាក់ស្ដែងនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ នេះ គេក៏បានឃើញថា តារាចម្រៀងស្រីរូបនេះ កាន់តែក្ដៅស្លឹកត្រជាក់ខ្លាំង បន្ទាប់ពីបានឃើញ អុ្នកលេងបណ្ដាញសង្គមជាបុរសម្នាក់ បានធ្វើការស៊ែរការបង្ហោះរបស់អ្នកនាង ទាក់ទិននឹងរឿងរ៉ាវខាងលើនោះ ដែលមានពាក្យពេចន៍មិនសមរម្យចំពោះអ្នកនាង រហូតធ្វើឱ្យអ្នកនាង ធ្វើការ Screenshot មកបង្ហោះលើបណ្ដាញសង្គម រួចសរសេរសារឆ្លើយតបទៅកាន់ អ្នកលេងបណ្ដាញសង្គមម្នាក់នោះ ផាំងៗតែម្ដង។
ដោយមូលហេតុដែលធ្វើឱ្យ អ្នកនាង មានការខឹងសម្បារខ្លាំង ព្រមទាំងពោលពាក្យជាច្រើនបែបនេះ ដោយសារតែ អ្នកលេងបណ្ដាញសង្គមម្នាក់នោះ បាននិយាយថា៖ «គ្រាន់តែបទចម្រៀងសោះ ក៏ក្ដៅក្រហាយនឹងសិល្បករស្រករក្រោយដែរ ចុះប្រទេសជិតខាងចម្លង និងចោទថាខ្មែរយកវប្បធម៌ពីគេវិញ មិនឃើញស្លរឈាមចឹងទៅ»។
ទន្ទឹមនឹងនោះ ក្រោយពីឃើញតារាចម្រៀងស្រីរូបនេះ បង្ហោះសារនិងបញ្ចេញអារម្មណ៍ខឹងខ្លាំងបែបនេះ ក៏បានឃើញមហាជនអ្នកគាំទ្រជាច្រើន បានធ្វើការស៊ែរបន្តព្រមទាំងចូលទៅបញ្ចេញមតិវែកញែកចំពោះរឿងរ៉ាវនេះរៀងៗខ្លួនផងដែរ៕