ផ្អែមក្នុងវីដេអូមិនគ្រប់ ដួង ម៉ានិច និង អតិជាតិ បុត្រ ឆ្លៀតព្រលយសារធ្វើឱ្យអ្នកគាំទ្រញ័របេះដូង
ដូចដែលអ្នកគាំទ្របានឃើញហើយថាប៉ុន្មានថ្ងៃកន្លងទៅនេះ រាល់វីដេអូ និងរូបភាពលើបណ្ដាញសង្គម ទាំងវីដេអូក្នុង TikTok និងហ្វេសប៊ុករបស់តារាប្រុសវ័យក្មេង អតិជាតិ បុត្រ និងតារាស្រី ដួង ម៉ានិច បានទាញយកចំណាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំងក្លាជាមួយនឹងកាយវិការផ្អែមល្ហែម សាសងគ្នាប្រៀបដូចគូស្នេហ៍ ដែលបានធ្វើឱ្យអ្នកគាំទ្រឃើញហើយអៀនរមួលគ្រប់គ្នា។
អ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ មហាជនអ្នកគាំទ្រឃើញថា មិនត្រឹមតែវីដេអូ និងរូបភាពមានភាពល្អូកល្អិននឹងគ្នានោះទេ ថែមទាំងថ្មីៗនេះ តារាប្រុសស្រីដែលអ្នកគាំទ្រសង្ស័យថា ជាគូស្នេហ៍ខុសវ័យមួយគូនេះ បានធ្វើការព្រលយសារលើបណ្ដាញសង្គមរបស់ពួកគេរៀងៗខ្លួន ដោយពោលពាក្យបង្ហាញពីអារម្មណ៍របស់ខ្លួនចំពោះគ្នាទៅមកយ៉ាងមានន័យ និងផ្អែមបំផុត រហូតធ្វើឱ្យអ្នកគាំទ្រដែលបានអានហើយឡើងញ័រដល់បេះដូងតែម្ដង។
ក្នុងនោះ អត្ថន័យសារយ៉ាងផ្អែមរបស់តារាប្រុសវ័យក្មេងរូបនេះ បានពោលទៅកាន់ កញ្ញា ដួង ម៉ានិច ថា៖ «ប្រឹងធ្វើចាស់ដើម្បីសម្របតាមបេះដូង Doung Manich – ដួង ម៉ានិច»។ រីឯ លើបណ្ដាញសង្គមរបស់តារាស្រីរូបនេះវិញ ក៏បានពោលពាក្យភ្ជាប់ជាមួយនឹងរូបភាពកៀកកើយនឹងប្រុស បុត្រ យ៉ាងផ្អែមដែរថា៖ «ត្រូវជាអ្វីនឹងគ្នា…? ហេតុអ្វីពេលនៅក្បែរគ្នា ចេះតែមានអារម្មណ៍ល្អរហូត?»។
ពិតណាស់ ថ្វីដ្បិតតែ តារាប្រុសស្រីមួយគូនេះ មិនបានបើកប្រកាសជាសាធារណៈថា ជាគូស្នេហ៍នឹងគ្នាក៏ពិតមែន ប៉ុន្តែតាមរយៈសកម្មភាព ក៏ដូចជាសារសាសងគ្នាយ៉ាងផ្អែមទាំងអស់នេះ ធ្វើឱ្យអ្នកគាំទ្រជាច្រើនបន់ឱ្យអ្នកទាំងពីរ ក្លាយជាគូស្នេហ៍នឹងគ្នាពិតៗផងដែរ៕