ប្រវត្តិសាស្ត្រ កំពូលប្តីប្រពន្ធតារាខ្មែរ Live មានអ្នកមើលជាង ១២ ម៉ឺននាក់ មិនហែកកេរ្តិ៍គ្រួសារ តែនាំសំណើចដល់អ្នកមើល
មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ប្ដីប្រពន្ធជាតារាសម្ដែងប្រុសស្រី អ្នកនាង សួស វីហ្សា និង លោក ថមមី ពិតទទួលបានការចាប់អារម្មណ៍តាមដានពីមហាជនយ៉ាងខ្លាំងក្លាពីសកម្មភាពនៃជីវិតឯកជន ព្រមទាំងមុខជំនួញលក់ផលិតផលតាមអនឡាញរបស់អ្នកទាំងពីរ។
ជាការពិត ចាប់តាំងពីប្ដីប្រពន្ធមួយគូនេះ បានបើកជំនួញលក់ផលិតផលតាមអនឡាញមក អ្នកទាំងពីរ ហាក់កាន់តែទទួលបានភាពជោគជ័យកាក់កបខ្លាំង ដែលតែងបង្ហាញពីហាយសូរ ចាយលុយរាប់ម៉ឺនដុល្លារទិញរបស់ទ្រព្យ គ្រឿងមាសពេជ្រ ផ្ទះល្វែង ផ្ទះវីឡា ជាហូរហែនោះ។
ដោយឡែកកាន់តែចាប់អារម្មណ៍ និងភ្ញាក់ផ្អើលខ្លាំងនោះ នៅយប់ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ ខណៈប្ដីប្រពន្ធតារាមួយគូនេះ បានធ្វើការឡាយវីដេអូលក់កាបូបដៃដូចរាល់ដង ប៉ុន្តែហាក់ទទួលបានការចាប់អារម្មណ៍ខុសពីរាល់ដង ដែលមានអ្នកចូលមើលការឡាយរបស់អ្នកទាំងពីរ មិនដល់ ១ ម៉ោងផង មានអ្នកមើលរហូតដល់ជាង ១២ ម៉ឺននាក់ឯណោះ ដែលធ្វើឱ្យមហាជន ក៏ដូចជាអ្នកគាំទ្រដែលបានចូលមើលក្នុងនោះដែរ មានការភ្ញាក់ផ្អើលខ្លាំងមែនទែន សូម្បីតែប្ដីប្រពន្ធមួយគូនេះ ពេលឃើញអ្នកចូលមើលច្រើនបែបនេះ ស្ទើរតែគាំងនិយាយអ្វីមិនចេញ។
អ្វីដែលគួរឱ្យសម្គាល់នោះ គឺជាលើកទី១ និងជាប្រវត្តិសាស្រ្តរបស់តារាខ្មែរហើយ ដែលធ្វើការឡាយវីដេអូលក់ផលិតផលមានអ្នកមើលយ៉ាងច្រើនសន្ធឹកបែបនេះ ដែលការឡាយនេះ មិនមានការបកស្រាយវែកញែកពីបញ្ហាណាមួយ ឬក៏មានការហែកហួរពីរឿងគ្រួសារនោះទេ គឺជាការឡាយរកស៊ីរបស់ប្ដីប្រពន្ធមួយគូនេះ ដែលបង្កើតភាពទាក់ទាញតាមការលេងសើចធ្វើឱ្យមហាជនអ្នកទស្សនា បានសើចសប្បាយនោះ ហើយវីដេអូ ព្រមទាំងរូបភាពដែលគេបាន Screenshot ការឡាយរបស់អ្នកទាំងពីរ ដែលមានអ្នកមើលរាប់ម៉ឺននាក់នេះ កំពុងតែចែករំលែកកក្រើកពាសពេញបណ្ដាញសង្គមផងដែរ៕