ចេញចម្រៀងល្បីកក្រើកពិភពលោកថ្មីៗសោះ Lisa ស្រាប់តែទម្លាយការពិតមួយនេះ
នាង Lisa ឬ Lalisa Manobal ត្រូវបានគេស្គាល់ជាតារាចម្រៀង K-Pop វ័យក្មេង សមាជិកក្រុម BLACKPINK មានឈាមជ័រជាជនជាតិថៃ បច្ចុប្បន្ននាងកាន់តែបានទទួលការគាំទ្រ និង ប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកគាំទ្រស្ទើរតែទូទាំងពិភពលោក ចំពោះការបញ្ចេញនូវអាល់ប៊ុមទោលដំបូងរបស់នាង «LALISA»។
ហើយសម្រាប់អាល់ប៊ុមថ្មីដំបូងរបស់នាង បានក្លាយជាបទចម្រៀង K-Pop ដ៏កំពូលមួយ ឈានដល់តារាងក្នុងកម្មវិធី iTunes នៅក្នុង ៦០ ប្រទេស និង មានការទស្សនាលឿនបំផុតដល់ទៅ ១០០ លានដង ហើយនេះគឺជាជោគជ័យមួយដែលនាងទទួលបានក្នុងរយៈពេលត្រឹមតែ ២ ថ្ងៃប៉ុណ្ណោះ។
យ៉ាងណាមិញ បើយោងតាមរយៈបទសម្ភាសមួយក្នុង Vogue daily បានជួបជជែកផ្ទាល់ជាមួយនឹងតារាស្រីរូបនេះ អំពីការបង្ហាញខ្លួនដំបូង ក្នុងអាល់ប៊ុមទោលរបស់នាង។ ក្នុងនោះ មានសំណួរមួយបានចោទសួរទៅកាន់ Lisa ខណៈពេលដែលនាងបានក្លាយទៅជាមនុស្សត្រូវបានគេស្គាល់នៅទូទាំងពិភពលោក ហើយក៏មានតម្រូវការច្រើន តើនាងនឹងធ្វើដូចម្ដេចដើម្បីរក្សាភាពច្បាស់លាស់។
ជាមួយគ្នានោះ តារាស្រីរូបនេះ បានឆ្លើយតបថា៖ «ខ្ញុំតែងតែព្យាយាមគិតពីភាពវិជ្ជមាន ទោះបីជាខ្ញុំអារម្មណ៍ស្ដ្រេសក៏ដោយ។ ខ្ញុំមានកម្លាំងចិត្តដោយមើលទៅអ្នកគាំទ្រ និង គិតអំពី Blinks របស់ពួកយើង»៕